ស្រ្តី​តំណាងជនជាតិដើមភាគតិចម្នាក់ បានចូល​​រួម​​​​​​​ថ្លែងក្នុង​សន្និសីទ​​​កំពូល​​របស់​អង្គការសហប្រជាជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកស្រី គឿង ណាវី ​ស្រ្តី​ដឹក​នាំ​សហគមន៍ជនជាតិដើមភាគតិចព្នង និងជា​តំណាងសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៃ​ប្រទេសកម្ពុជា បានចូលរួមក្នុងសន្និសីទ​កំពូល​នៃ​បណ្ដា​ភាគី​អនុសញ្ញាក្របខ័ណ្ឌ​សហ​ប្រជាជាតិ​​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​លើកទី២៨ ឆ្នាំ២០២៣ (COP28) ដើម្បីថ្លែង​ពីសារៈសំខាន់នៃហិរញ្ញ​ប្ប​ទាន​កាបូន​ក្នុងការ​ពង្រឹង​សិទ្ធិ​អំណាច​​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

សន្និសីទ​កំពូល​នៃ​បណ្ដា​ភាគី​អនុសញ្ញាក្របខ័ណ្ឌ​សហ​ប្រជាជាតិ​​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​លើកទី២៨ ឆ្នាំ២០២៣ (COP28) បានរៀបចំឡើងនៅទីក្រុងឌូបៃ នៃសហភាព​អារ៉ាប់​អេមី​រ៉េត​។

​សេចក្តីប្រកាសព័ត៌មានរបស់​អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅថ្ងៃទី៥ ខែធ្នូ បានឱ្យដឹងថា អ្នកស្រី គឿង ណាវី ប្រធានសហគមន៍ស្រ្តីតំណាងឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​​កែវ​សីមា​ ខេត្ត​មណ្ឌល​គិ​រី​ បាន​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​នៃ​បណ្ដា​ភាគី​អនុសញ្ញាក្របខ័ណ្ឌ​សហ​ប្រជាជា​តិ​​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​លើកទី២៨ ឆ្នាំ២០២៣ (COP28) ដើម្បី​បង្ហាញ​ពី​​អត្ថ​ប្រយោជន៍​ពិត​ប្រា​​កដ​​​នៃ​​ហិរញ្ញ​ប្បទាន​កាបូន​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ​។​

ការចូលរួមរបស់ អ្នកស្រី គឿង ណាវី បានធ្វើឡើងក្រោម​ការ​សម្រប​សម្រួល​​ដោយ​ក្រសួង​បរិស្ថាន​​នៃ​ប្រទេ​ស​​កម្ពុជា​ ​និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS)​ ដោយផ្តោត​លើ​​សារ​សំខាន់​នៃការ​​ផ្តល់​​ហិរញ្ញប្បទា​នកាបូនដោយ​ផ្ទាល់​​ទៅដល់​​សហគមន៍ជនជាតិដើម​ភាគតិច​ក្នុ​ង​កិច្ច​ការ​ងារ​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភា​ព និងនិរន្តរភាព។

អង្គការ WCS បានបញ្ជាក់ថា ​៖ «អ្នកស្រី ណាវី​ បាន​បង្កើតទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចព្នងដំបូងគេបង្អស់​​ដែល​​បាន​​ចូល​​រួម​ថ្លែង​​​​​​នៅ​ក្នុង​សន្និសីទ​​​កំពូល​មួយ​របស់​អង្គការសហប្រ​ជាជាតិបែបនេះ ដើម្បី​ពាំ​នាំ​សារ​​ពី​​ភូមិ​ឋាន​ដែល​​​ដាច់ស្រយាលក្នុង​​ព្រៃ​នៃ​ខេត្ត​មណ្ឌល​គិរី​​​មកកាន់​ថ្នាក់ដឹ​ក​នាំ​​កំពូល​ៗ​នៅលើសកលលោក»។

​តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ​ អ្នកស្រី គឿង ណាវី ​បានថ្លែង​នាឱកាសនោះ​ថា៖ «នាងខ្ញុំពិតជា​មានសេចក្តីរំភើបក្នុងចិត្ត ជាមួយនឹង​ក្តី​កត្តញូ​។ នាង​ខ្ញុំ​ពិត​ជា​មាន​កិត្តិយសណាស់​ដែល​បាន​​មកដល់ទីនេះ​ ចេញ​ពី​ភូមិ​​​តូច​​មួយ​នៃ​ប្រទេស​កម្ពុជា មក​​និយាយទៅកាន់ថ្នាក់ដឹកនាំកំពូលៗ​នៃពិភពលោក​»។

អ្នកស្រីបានបន្ថែម​ទៀតថា៖​ «យើងខ្ញុំបានប្រើប្រាស់ហិរញ្ញ​ប្បទានកាបូនដើម្បីកសាងសហគមន៍ និងកា​រពា​របរិស្ថាន ដោ​យរួម​បញ្ចូល​គ្នា​នូវ​របៀប​រស់​នៅ​​បែប​ប្រពៃណី​ជាមួយ​នឹង​វិធីសាស្ត្រ​ច្នៃ​ប្រ​ឌិត​ថ្មី​ៗ​ដើម្បី​ការ​ពារ​​ព្រៃ​ឈើ​របស់​យើង​»​។​​ ​

អ្នកស្រី បញ្ជាក់ទៀត​ថា​ ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​​ដែល​សហគមន៍​​ទទួល​បាន ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​ការ​ទ​ប់​​ទល់​នឹង​​កត្តា​គំរាម​កំហែង​ដល់​ព្រៃ​ឈើ​ក្នុង​សហគមន៍​​​ ខណៈអ្នកស្រីថា ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​​ស្ថិត​ក្នុង​​ចំណោម​​ព្រៃ​ក្រាស់​បំផុត​​ និង​មាន​សុខ​ភាព​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​​វា​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ​និង​​ការ​​ថែ​ទាំ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ផងដែរ​។​

អ្នកស្រី បានបន្ត​ថា ហិរញ្ញប្បទាន​កាបូន​បាន​ជួយ​លើក​កម្ពស់​សហគមន៍​របស់​អ្នកស្រី​​ និង​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ផ្សេង​ទៀត​​នៅ​ទូ​ទាំង​ពិភព​លោក​ ហើយ​វា​ក៏​បាន​ពង្រីក​អត្ថប្រយោជន៍​​ដល់​ពិភព​លោក​ទាំង​មូល​ ខណៈអ្នកស្រី ក៏បាន​ប្តេជ្ញា​ចិត្ត​ចំពោះដំណោះ​ស្រាយ​នៃ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​ថែមទៀត។

តាមរយៈការថ្លែងឡើងនេះដែរ​ អង្គការ WCS ក៏បានបញ្ជាក់ដែរថា មតិរបស់អ្នកស្រី​ ណាវី ត្រូវបាន​​ផ្សាយ​ខ្ទរ​ខ្ទារ​​ក្នុងសន្និសីទ COP28 ហើយ​ទាញ​​ចំណាប់​អារម្មណ៍ឱ្យ​អ្នក​រាល់​គ្នា​ដឹង​​ថា ​​​វឌ្ឍនភាពនៃ​​ហិរញ្ញប្បទានអា​កាសធាតុគឺ​ជា​គន្លឹះ​នៃការផ្លាស់ប្ដូរដ៏ត្រឹមត្រូវមួយ​ និងចូលរួម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​នៅ​ទូទាំង​ពិ​ភព​លោក​។​ ជាងនេះទៀត សុន្ទរកថារបស់​អ្នកស្រី​ ដែលបានថ្លែង​ក្នុង​​សន្និសីទនេះ ក៏បានទាក់ទាញចំណា​ប់អារម្មណ៍យ៉ាង​​ខ្លាំង​លើ​តួនាទី​ដ៏​សំខាន់​នៃ​ហិរញ្ញ​ប្បទាន​កាបូន​ក្នុងការ​ពង្រឹង​សិទ្ធិ​អំណាច​​សហគមន៍​ជនជា​តិ​ដើម​ភាគ​តិច​។​

ប្រភពដដែល​បានបន្តថា នេះ​​ស្រប​ទៅ​នឹង​ប្រធាន​បទ​ដែល​​សន្និសីទ COP28 បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ពន្លឿន​សកម្មភាព​​​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ រួម​ទាំង​សារ​​សំខាន់​នៃ​ការ​អនុវត្ត​យន្ត​ការ​ហិរញ្ញ​​ប្ប​ទាន​​ដូច​ជា​​គម្រោងរេដបូក (REDD+) ក្នុង​ការ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​ទាំង​នេះ​។​ លើសពីនេះ ការ​បង្ហាញ​បទ​ពិសោធ​របស់​អ្នក​ស្រី​ ណាវី​ នៅ​ក្នុង​សន្និសីទ​ COP28 នេះ​ផង​ដែរ​ ក៏បាន​ផ្តោត​សំខាន់​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​ក្នុង​សកម្ម​ភាព​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

បើតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងដែរថា អ្នកស្រី ណាវី ក៏នឹងចូលរួមជាវាគ្មិនក្នុងកម្មវិធីមួយផ្សេងទៀតក្រោមប្រធានបទ «​តើ​ហិរញ្ញប្បទាន​​កាបូន​​​បង្កើត​​​ឱកាស​​​​ដល់​​ជនជាតិដើម​ភាគតិចនិងសហគមន៍មូលដ្ឋានយ៉ាងដូចម្ដេច?» នៅថ្ងៃទី១១ ខែធ្នូខាងមុខនេះ​ នៅវិមានជនជាតិដើមភាគតិចដែលរៀបចំដោយអង្គការ​ក្រុម​ប្រឹក្សា​សុចរិត​ភាព​សម្រាប់​​ទី​ផ្សារ​កាបូន​ស្ម័គ្រ​ចិត្ត​​ (Integrity Council for Voluntary Carbon Markets) អង្គ​ការ​ធម្មជាតិ​ដើម្បី​អាកាស​ធាតុ​ (Nature4Climate) និង​មូលនិធិការពារបរិស្ថាន (Environmental Defense Fund)ថែមទៀត។

សូមបញ្ជាក់​ថា ក្នុងឱកាសចូលរួមសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីកា​រប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរ៉ាត់  លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែង​ឡើងដែរ​ថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរ​ញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ជាងនេះទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើង​ពីវិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា ការប​ ង្កើ​នគម្របព្រៃឈើឱ្យបាន៦០ភាគរយ ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំឬស្សី និងការជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner