ឡានក្រុងដាច់ហ្វ្រាំង បើកធ្លាក់ថ្មចោទ សម្លាប់មនុស្ស ១៦ នាក់នៅហ្វីលីពីន
ម៉ានីល៖អាជ្ញាធរប្រចាំតំបន់របស់ហ្វីលីពីនបានឱ្យដឹងនៅថ្ងៃពុធទី ៦ ខែធ្នូ ថា ឡានក្រុងមួយគ្រឿងដែលដឹកមនុស្សជាច្រើននាក់ បានដាច់ហ្វ្រាំង ហើយបើកធ្លាក់ពីលើថ្មចោទក្នុងខេត្ត Antique ភាគកណ្តាលនៃប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់។
អភិបាលខេត្ត Antique លោកស្រី Rhodora Cadiao បាននិយាយថា មនុស្សប្រាំបី នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្សបួននាក់ទៀតមានរបួសស្រាល។
សារព័ត៌មានផ្សេងៗបានរាយការណ៍ពីដំបូងថា ឡានក្រុងរងគ្រោះបានដឹកអ្នកដំណើររហូតដល់ ៥៣ នាក់ ប៉ុន្តែចំនួននេះមិនមានការបញ្ជាក់ច្បាស់នៅឡើយទេ។
លោកស្រី Cadiao បាននិយាយថា មុនពេលកើតហេតុ ឡានក្រុងនោះកំពុងដឹកអ្នកដំណើរមកពីខេត្ត Iloilo ធ្វើដំណើរឆ្ពោះទៅទីក្រុង Culasi នៃខេត្ត Antique នារសៀលថ្ងៃអង្គារ ប៉ុន្តែដាច់ហ្វ្រាំងនៅកន្លែងផ្លូវបត់បែនខ្លាំង ហើយបើកធ្លាក់ចូលជ្រោះថ្មចោទកម្ពស់ ៣០ ម៉ែត្រ។
មន្រ្តីតំបន់ដដែលបន្តថា ៖ «យើងហៅតំបន់គ្រោះថ្នាក់នោះថាជាផ្លូវកោងឃាតករ។ វាជាឡានក្រុងទី២ហើយដែលបានធ្លាក់នៅទីនោះ។ ដោយសារតែចំនួនអ្នកស្លាប់ច្រើន យើងត្រូវតែបោះបង់ចោលផ្លូវនោះ ហើយធ្វើផ្លូវមួយទៀត ដើម្បីធ្វើឱ្យតំបន់នោះមានសុវត្ថិភាព»។
ចំណែកឯប្រធានទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត Antique លោក Roderick Train វិញបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ដោយវាជាផ្លូវភ្នំ ដូច្នេះឡានក្រុងនោះបានបើកធ្លាក់ពីកន្លែងខ្ពស់»។ លោកបន្តថា ៖ «យោងតាមសាក្សី វាបណ្ដាលមកពីបញ្ហាម៉ាស៊ីន។ អ្នកបើកបរទប់ចង្កូតលែងជាប់ អាចនឹងដាច់ហ្វ្រាំង»។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សាហាវៗ បានកើតឡើងជាញឹកញយនៅក្នុងប្រទេសហ្វីលីពីន ដោយសារតែអ្នកបើកបរជារឿយៗមិនគោរពច្បាប់ចរាចរណ៍ ហើយយានយន្តរបស់ពួកគេមានការថែទាំមិនបានល្អ ឬផ្ទុកលើសទម្ងន់ជាដើម៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Philippines bus falls off ravine, at least 16 killed