ត្រាំ ប្រកាសថា លោកនឹងមិនក្លាយជាជនផ្ដាច់ការទេ បើជាប់ឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិបន្ទាប់
អាមេរិក៖អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងមិនក្លាយជាជនផ្ដាច់ការនោះទេ ប្រសិនបើលោកឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកម្ដងទៀត។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការប្រកាសយ៉ាងបែបនេះ ធ្វើឡើងខណៈមានការព្រមានពីអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យ និងអ្នកនៅក្នុងគណបក្សសាធារណរដ្ឋមួយចំនួនថា អាមេរិកស្ថិតក្នុងគ្រោះថ្នាក់នៃការក្លាយជាប្រទេសផ្តាច់ការ ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ។
ឆ្លើយទៅនឹងសំណួរថាតើលោកនឹងក្លាយជាជនផ្ដាច់ការឬយ៉ាងណា លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា ៖ «អត់ទេ! អត់ទេ!។ លើកលែងតែថ្ងៃដំបូង»។ លោកគូសបញ្ជាក់ថា នៅថ្ងៃទី១ លោកនឹងប្រើអំណាចប្រធានាធិបតី ដើម្បីបិទព្រំដែនភាគខាងត្បូងជាមួយម៉ិកស៊ិក និងពង្រីកការខួងយកប្រេង។
ទម្រាំនឹងឆ្លើយយ៉ាងដូច្នេះ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋដដែល ត្រូវបានគេសួររហូតដល់ទៅពីរដង ថាលោកនឹងប្រើអំណាចដើម្បីសងសឹកលើគូប្រជែងនយោបាយរបស់ខ្លួន ឬយ៉ាងណាប្រសិនបើជាប់ឆ្នោត ក្នុងអំឡុងកម្មវិធីឆ្លើយសំនួរផ្សាយតាមទូរទស្សន៍ពីសាលរដ្ឋ Iowa កាលពីថ្ងៃអង្គារ។
កន្លងមក លោក ត្រាំ ដែលអាចនឹងប្រកួតយកតំណែងនៅសេតវិមានឡើងវិញជាមួយប្រធានាធិបតីពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ បានលើកឡើងជារឿយៗពីការដាក់ទោស លើគូប្រជែងនយោបាយប្រសិនបើឈ្នះឆ្នោត។
លោក ត្រាំ បាននិយាយក្នុងសុន្ទរកថា និងការបង្ហាញខ្លួនផ្សេងៗតាមទូរទស្សន៍នៅឆ្នាំនេះថា គោលដៅរបស់លោករួមមានលោក បៃដិន រដ្ឋអាជ្ញាដែលចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មរាប់សិប ក្រសួងយុត្តិធម៌ និងការិយាធិបតេយ្យសហព័ន្ធ។
គួរបញ្ជាក់ថា លោក ត្រាំ ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ហើយបានបដិសេធមិនទទួលស្គាល់ថា លោកបានចាញ់លោក បៃដិន ក្នុងការឆ្នាំ ២០២០ នោះទេ។
ចាប់តាំងពីពេលនោះមក អ្នកនយោបាយរូបនេះបានផ្សព្វផ្សាយការអះអាងមិនពិតដែលថា ការបោះឆ្នោតឆ្នាំ ២០២០ មានការលួចបន្លំ រហូតដល់បង្កឱ្យមានការបះបោរដ៏សាហាវពីអ្នកគាំទ្ររបស់លោកនៅវិមានកាំពីតូល ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១។ ការអះអាងថា ការបោះឆ្នោតអាណត្តិមុនពេញដោយការលួចបន្លំ ក៏ជាផ្នែកមួយនៃយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ នាពេលនេះផងដែរ។
លោក ត្រាំ ក៏មានដៃគូប្រកួតប្រជែងក្នុងគណបក្សសាធារណរដ្ឋរបស់លោក ផ្ទាល់ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីផ្លូវការ។ ក្នុងនោះរួមមាន អភិបាលរដ្ឋហ្វ្លរីដា លោក Ron DeSantis និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley។
ពាក់ព័ន្ធនឹងសកម្មភាព ក៏ដូចជាសុន្ទរកថានាពេលកន្លងមក អ្នកនយោបាយពីបក្សប្រជាធិបតេយ្យ រួមមានលោក បៃដិន បានព្រមានម្តងហើយម្តងទៀតថា លោក ត្រាំ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហើយថា អាណត្តិទី២របស់លោក អាចឈានទៅដល់សម័យកាល «ផ្ដាច់ការអាមេរិក» ដែលមិនធ្លាប់មានពីមុនមក និងគ្រោះថ្នាក់៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Trump I won’t be a dictator if I become U.S. president again