លោក ពូទីន ធ្វើទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត

មូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃពុធនេះ។ នេះគឺជាលើកទីមួយហើយដែលលោកបានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានេះ ចាប់តាំងពីការឈ្លានពានទៅលើទឹកដីអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រកាសអំពីដំណើរទស្សនកិច្ចនេះកាលពីថ្ងៃអង្គារម្សិលមិញថា ៖ «ភាគីដែលពាក់ព័ន្ធនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល»។​

ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាដៃគូដ៏សំខាន់របស់រុស្ស៊ីនៅក្នុងអង្គការនាំចេញប្រេង OPEC+ រីឯប្រទេសអេមីរ៉ាតអារ៉ាប់រួម បានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់សម្រាប់អាជីវកម្មរបស់រុស្ស៊ី និងដៃគូដ៏សំខាន់សម្រាប់គេចចេញពីការដាក់ទ​ណ្ឌកម្មរបស់លោកខាងលិច។​

លោក ពូទីន តែងតែមានទំនាក់ទំនងល្អជាមួយប្រទេសនាំចេញប្រេងនៅឈូងសមុទ្រនេះ ដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដោយប្រទេសទាំងពីរបានរក្សាអព្យាក្រឹតភាពជុំវិញជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ លើសពីនេះទៀត ប្រ​ទេសទាំងពីរក៏មិនបានផ្ដល់សច្ចាប័នឱ្យសន្ធិសញ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ ដូច្នេះប្រទេសទាំងពីរមិនមានកាតព្វកិច្ចអនុវត្តដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលបានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមនោះទេ​។​

កន្លងមក ព្រះអង្គម្ចាស់ ម៉ូហាំ ប៊ិនសាលម៉ាន (Mohammed bin Salman) ដែលជារាជទាយាទអារ៉ាប៊ីសាអូឌីត និងលោក ម៉ូហាំ ប៊ិនហ្សាអាល់ណាយ៉ាន (Mohammed bin Zayed al-Nahyan) មេដឹកនាំនៃអេមីរ៉ាតអារ៉ាប់រួម បានបង្កើ​តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ពូទីន ហើយក៏បានតាំងខ្លួនជាអ្នកសម្រុះសម្រួលរវាងរុស្ស៊ី និងលោកខាងលិចទៀតផង។ ម៉្យាងវិញទៀត ប្រទេសទាំងពីរបានដើរតួយ៉ាងសំខាន់ក្នុងការសម្រុះសម្រួល និងរៀបចំឱ្យមានការការផ្លាស់ប្តូរអ្នកទោសអំឡុងពេលមានជម្លោះនៅអ៊ុយក្រែន។​

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារប្រេងផងដែរ។ ព្រះ​អង្គម្ចាស់​ ម៉ូហាំ បានរួមចំណែកយ៉ាងសំខាន់ក្នុងការវែកផ្លូវឱ្យទីក្រុងម៉ូស្គូចូលទៅក្នុងសម្ព័ន្ធភាព OPEC+ ហើយថ្មីៗនេះ ក្រុមប្រទេសក្នុងប្លុកមួយនេះក៏បាននាំគ្នាកាត់បន្ថយការផលិតប្រេងទៀតផង។​

កាលពីខែមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើម្ចាស់កប៉ាល់ចំនួន ៣ ដែលមានមូលដ្ឋាននៅអេមីរ៉ាតអារ៉ាប់រួម ស​ម្រាប់ការនាំចេញប្រេងឆៅរបស់រុស្ស៊ីលើសពីការកំណត់តម្លៃដែលកំណត់ដោយក្រុមប្រទេស G7 និងអូស្ត្រាលី ដែលនេះហាក់ដូចជាការព្រមានអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ទីក្រុងម៉ូស្គូជាមួយប្រទេសក្នុងតំបន់នេះ។

ការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់លោកខាងលិច ដើម្បីទប់ស្កាត់ការគេចវេសពីទណ្ឌកម្មដែលបានដាក់ទៅលើរុស្ស៊ី។ វិធានការនេះបានធ្វើឡើងបន្ទាប់ពីកាសែត Financial Times បានរកឃើញថាប្រេងរុស្ស៊ីស្ទើរតែទាំងអស់ត្រូវបានជួញដូរលើសពីតម្លៃកំណត់ដោយក្រុមប្រទេស G7 នៅក្នុងខែតុលា។​

លោក ពូទីន គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី (Ebrahim Raisi) ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងប្រវត្តិសាស្ត្រ ថ្មីៗនេះក៏បានយល់ព្រមដោយមានជំនួយរបស់ចិន ក្នុងការស្តារទំនាក់ទំនងការទូតឡើងវិញផងដែរ។​

ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន ភាគច្រើនបានធ្វើដំណើរទៅកាន់បណ្តាប្រទេសអតីតសូវៀត ចិន និងអ៊ីរ៉ង់ជាដើម។ លោក អាន់ដ្រេយ កូឡេសនីកូវ (Andrey Kolesnikov) មន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌល Carnegie Russia Eurasia បានលើកឡើងថា ដំណើរទស្សនកិច្ចទាំងនេះបានបង្ហាញថា រុស្ស៊ីមិនឯកោនោះទេ ហើយជាសញ្ញាមួយនៃការចូលរួមរបស់រុស្ស៊ីនៅក្នុងតំបន់ទាំងនេះ៕

​ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Financial Times Vladimir Putin to visit UAE and Saudi Arabia this week

ads banner