មន្ត្រីជាន់ខ្ពស់គ.ជ.ប ៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ មានគណបក្សចំនួន៣ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៣ ដែលបានមកសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។

សម្រាប់គណបក្សទាំងបី មានតែគណបក្សប្រជាណកម្ពុជាតែមួយទេ ដែលបានចុះបញ្ជីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី៤ ខែធ្នូ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការការចុះបញ្ជីគណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការប្រកួតប្រជែងការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមបានបន្តថា គណបក្សឆន្ទៈខ្មែរ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ហើយគ.ជ.ប មានរយៈពេល៧ថ្ងៃ ដើម្បីពិនិត្យទៅលើឯកសារដែលភ្ជាប់ជាមួយនឹងពាក្យសុំចុះបញ្ជីផងដែរ។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ ក៏បានបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប ផងដែរ។

គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បានដាក់បេក្ខជនឈរឈ្មោះទាំង៨ មណ្ឌលភូមិភាគ។ សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះទេ។ ក្នុងរយៈពេល១៥ថ្ងៃនេះ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤”។ យោងតាមប្រតិទិននៃការបោះឆ្នោតគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើ សក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner