មេបញ្ជាយោធាខេត្តកំពង់ធំ ផ្សព្វផ្សាយវិធានការ ដាក់យោធិនអាជីព ឱ្យចូលសោធននិវត្តន៍ យោធិនពិការ នឹងយោធិនពលីមរណៈ សម្រាប់ឆ្នាំ២០២៤
(កំពង់ធំ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការដាក់យោធិនអាជីពទាំងពីរភេទ ឱ្យចូលសោធននិវត្ត យោធិនពិការ និងយោធិនពលីមរណៈ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

អង្គប្រជុំ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានលេីកឡេីងជាសំនួរ និងចម្លើយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ច ដើម្បីចាត់តាំងដំណើរការអនុវត្ត ឲ្យទទួលបានលទ្ធផលល្អ ជោគជ័យ តាមការណែនាំរបស់ថ្នាក់ដឹកនាំ តាមឋានានុក្រមគ្រប់លំដាប់ថ្នាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំអំពីភារកិច្ចសំខាន់ៗ មួយចំនួន និងបានបញ្ជាក់ជូនអំពីលក្ខខណ្ទទាំង៤ចំណុច នៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ក្នុងនោះទី១-ត្រូវជ្រើសរើសយកយោធិនដែលស្ម័គ្រចិត្ត ចូលសោធននិវត្តន៍, ទី២-ជាយោធិន ដែលមានសុខភាពទ្រុឌទ្រោម មិនអាចបម្រេីការងារបាន, ទី៣- ជាយោធិនដែលមានភាពអសកម្មក្នុងការងារ និងទី៤-សំដៅជ្រើសរើសយកយោធិន ដែលបាត់បង់សមត្ថភាពការងារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះ ត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំរប់ស់បញ្ជការដ្ឋាន កងទ័ពជើងគោក ឲ្យបានជ្រួតជ្រាប ក្នុងជួរយោធិនក្រោមឱវាទ ហើយចាត់តាំងក្រុមការងារជំនាញបំពេញសំណុំបែបបទឯកសារ ចំពោះយោធិនដែលមានឈ្មោះ ត្រូវចូលសោធននិវត្តន៍ ស្របតាមលក្ខខណ្ឌទាំង៤ចំណុចខាងលើ ដេីម្បី ធ្វើការប្រជុំត្រួតពិនិត្យវាយតម្លៃ បំពេញសំណុំបែបបទ ឯកសារផ្សេងៗ ដែលជំនាញការិយាល័យទី១ បានណែនាំ បញ្ជូនមកបញ្ជា ការដ្ឋាន តំបន់ប្រតិបត្តិការសឹករង ដើម្បីថ្នាក់ដឹក នាំទនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងប្រជុំត្រួតពិនិត្យ និងវាយតម្លៃធ្វើរបាយការណ៍ ជូនទៅថ្នាក់លើតាមឋានានុក្រម ក្នុងការស្នើសុំដាក់យោធិនអាជីព ទាំង២ភេទ ឲ្យចូលសោធននិវត្តន៍នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ៕
ដោយ ប៊ុន រដ្ឋា

