ទេសរដ្ឋមន្រ្តី លី ធុជ៖ យើងបោសសំអាតមីន ដើម្បីការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន កម្ពុជា ក្នុងពិធីប្រកាសស្រុកពួក ខេត្តសៀមរាបជាស្រុកអស់មីនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយថ្ងៃនេះក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចម្រើនជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា ស្រុកពួក គឺជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ ហេឡូ ត្រាស់(HALO Trust) ក្នុងទំហំផ្ទៃដី ៣ ៥១២,៦៤៨ ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA។

អភិបាលរងខេត្តសៀមរាប លោក ពិត ប្រាកដ បានថ្លែងនាពិធីនេះដែរថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ននេះ ការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានបោសសំអាតមីន លើទំហំផ្ទៃដីសរុបជាង១៣ ០០០ហិកតា។

លោកបានបន្តថា ក្នុងនោះ ប្រតិបត្តិករដោះមីន បានរកឃើញមីនថ្មើរជើងចំនួន២៣ ៤៦៨គ្រាប់, មីនតោន៧២៣គ្រាប់, សំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទចំនួន១១៧ ៤៦៩គ្រាប់ ហើយក្នុងនោះអ្នកទទួលផលមានចំនួន២២៨៩៦៥ គ្រួសារ។

លោកបានបញ្ជាក់ថា ៖ «រដ្ឋបាលខេត្តគ្រោងនឹងស្នើសុំអនុម័តផែនការបោសសំអាត និងចំការគ្រាប់នៅតាម៦៦ទីតាំងបន្ថែមទៀត សម្រាប់ផែនការប្រចាំឆ្នាំ២០២៤ខាងមុខនេះ ដែលទីតាំងទាំងនោះអាចរកឃើញមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីសរុបចំនួនជាង១១លានម៉ែត្រការ៉េ»។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះកម្ពុជា បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលមាន ១៦៤ ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ។

ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឱ្យទៅជាតំបន់ដែលពោរពេញដោយស្នាមញញឹម និងមានសុខសន្តិភាពពេញលេញ។

ដោយឡែក នៅថ្ងៃដដែលនោះដែរ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រូ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ប្រចាំកម្ពុជានៅទីស្តីការក្រសួង។

យោងតាមក្រសួងការបរទេសនៅក្នុងជំនួបនោះ លោក ឃួន ផុនរតនៈ បានថ្លែងនូវអំណរគុណចំពោះសាធារណរដ្ឋអៀរឡង់ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យដោះមីន និងការអប់រំ។

តាមរយៈក្រសួង លោកស្រី Deirdre Ní Fhallúin ក៏បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភតាមរយៈជំនួយថ្នាក់តំបន់៕ ដោយ៖ ជា សុខនី

ads banner