ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំនេះប្រារព្វឡើងដោយមានកម្មវិធីជាច្រើន
សៀមរាប៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំ២០២៣នេះ ប្រារព្ធឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ដោយមានកម្មវិធីជាច្រើនតាមបែបប្រពៃណីសាសនា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ និងមានស្ដង់ពិព័រណ៍ សម្រាប់សាធារណជនទស្សនា និងសិក្សាស្វែងយល់ផងដែរ។

ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី៦ ខែធ្នូបានឱ្យដឹងថា ពិធីរំលឹកគុណអង្គរនេះ នឹងចាប់ផ្តើមបើកជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែធ្នូនេះ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងមន្រ្តី និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
តាមរយៈក្រសួងវប្បធម៌ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៦ ខែធ្នូ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ លោកបន្តថា បន្ទាប់ពីមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្តរួចហើយ ក៏មានពិធីរាប់បាតព្រះសង្ឃផងដែរ។

លោកបញ្ជាក់ថា នៅថ្ងៃបន្តបន្ទាប់ នឹងមាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលការងាររយៈពេល ៣១ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ និងក្បួនព្យុះហយាត្រារបស់សិស្សានុសិស្សចំនួនជាង ១០០០នាក់ ក្រោមពាក្យស្លោកអរគុណអង្គរ និងអរគុណសន្តិភាព»។
សូមបញ្ជាក់ដែរថា ក្រៅពីនេះ ក៏មានការសម្តែងសិល្បៈល្ខោនយីកេ ការសម្តែងសិល្បៈល្ខោនស្រមោលល្បែកធំផងដែរ ហើយរាល់កម្មវិធីសាសនា និងសិល្បៈទស្សនីយភាពទាំងអស់ នឹងបើកជាសាធារណៈចូលទ ស្សនាដោយសេរី។

លោកបណ្ឌិត សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែធ្នូថា ប្រជាជនខ្មែរនៅសតវត្សរ៍ទី៩ និងសតវត្សរ៍ទី១៣ នៃគ្រឹស្ដសករាជបានបំពេញបេសកកម្មជីវិត ដោយបំពាក់នូវស្មារតីអង្គរ ដែលជាការខិតខំប្រឹងប្រែងទាំងកាយ ទាំងចិត្តគំនិត ក្នុងការអភិវឌ្ឍប្រទេសជាតិចាប់តាំងពីព្រះបាទជ័យវរ្ម័នទី២ រហូតមកដល់ព្រះបាទជ័យវរ្ម័នទី៧។
លោកបានបន្តថា ហេតុនេះបច្ចុប្បន្ននេះ អ្វីដែលរាជរដ្ឋាភិបាលកំពុងតែរៀបចំប្រារព្ធព្រឹត្តិការណ៍រំលឹកគុណអង្គរ គឺមានន័យថាជាការរំលឹកដល់ស្មារតីអង្គរ ស្មារតីជាតិ ដែលផុសចេញពីគំនិត និងតម្លៃនៃវិជ្ជាជីវៈ សមត្ថភាពរបស់អង្គអ្នកដឹកនាំ ក៏ដូចជាប្រជាជន ហើយនិងយុវជននាសម័យនោះផងដែរ។

លោកបានមានប្រសាសន៍ថា ៖ «សម្រាប់ខ្ញុំ កាលដែលយើងធ្វើកិច្ចការងារនេះ គឺបង្ហាញពីតម្លៃនៃកតញ្ញូធម៌ និងការដឹងគុណដ៏វិសេសរបស់ខ្មែរយើង ចំពោះអង្គដឹកនាំទាំងឡាយដែលបានកសាងប្រាសាទទាំងអស់នេះ។ អ៊ីចឹងការបំផុសគំនិតនេះ វាបង្កើតជាស្មារតីជាតិមួយសម្រាប់អ្នកជំនាន់ថ្មី ជាពិសេសយុវវ័យ ដើម្បីបន្តថែរក្សា និងប្រកាន់ភ្ជាប់ទស្សនវិស័យស្មារតីអង្គរសម្រាប់ជីវិតខ្លួនយើងជាកូនខ្មែរ»។
បើតាមលោក សំបូរ មាណ្ណារ៉ា ក្រៅពីនេះ ការប្រារព្វព្រឹត្តិការណ៍រំលឹកគុណអង្គរនេះដែរ ក៏បានផ្ដល់នូវគុណតម្លៃដល់ប្រជាពលរដ្ឋខ្មែរឱ្យមានការចងចាំពីប្រវត្តិសាស្ត្រ ដែលជាអំពើល្អរបស់បុព្វបុរសខ្មែរបានធ្វើកន្លងមក ក្នុងនោះមានទាំងវប្បធម៌ ភាពច្នៃប្រឌិត និងការបង្កើតឡើងក្នុងករណីយកិច្ចនៃវិចិត្រកម្ម-ស្ថាបត្យកម្ម។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ ខណៈដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕ ដោយ៖ ជា សុខនី