យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសស្រស់បំព្រង
ភ្នំពេញ:ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន វាយ តម្លៃខ្ពស់ចំពោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោម ប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ថា ជាចលនាមួយកំពុង បានអនុវត្តក្នុងស្រទាប់យុវជន ក្នុងការផ្លាស់ប្តូរផ្នត់គំនិតមិន ប្រើថង់ ប្លាស្ទិក និងចោលសំរាមផ្តេសផ្តាសទៅថ្ងៃក្រោយ ដែលនឹងជួយ ឱ្យកម្ពុជា ក្លាយជាប្រទេសដ៏ស្រស់ស្អាត គ្មានប្លាស្ទិក។ ប្រជាពលរដ្ឋ រស់នៅដោយក្តីរីករាយ មានសុភមង្គល ជួយដល់ដល់សុខភាព និងជីវភាពបានល្អប្រសើរឡើង។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តទៀតថា កន្លងមក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានបញ្ជ្រាបទៅដល់ ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍មូលដ្ឋាន និងបានចូលរួមក្នុងចលនាយ៉ាងខ្លាំងក្លា ពិសេសក្នុងនេះសិស្សានុសិស្សជាច្រើនតែងបង្ហាញពីការប្តេជ្ញាចិត្តមោះមុត ក្នុងការកាត់បន្ថយប្រើប្រាស់ថង៉ប្លាស្ទិក។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា ការដោះស្រាយបញ្ហាសំរាម គឺជារឿង ដ៏ ធំ មួយ ដើម្បីសម្អាតផ្ទះសម្បែងរបស់យើងឱ្យស្អាត ក៏ដូចជាសម្អាត ប្រទេស ជាតិយើង ឱ្យមានភាពស្រស់ស្អាត ដើម្បីទទួលនូវការចាប់ អារម្មណ៍ពីអ្នកទេសចរ និងអ្នកវិនិយោគទុននានា រួមទាំងមានការ គោរពកោតសរសើរ ថាកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត និងបានឆ្លុះបញ្ចាំងពីមរតកវប្បធម៌របស់ខ្មែរល្បីល្បាញ ដែលមានការរស់ នៅស្អាតផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងដែរថា ក្រសួងបរិស្ថានបានចែកធុង សំរាមដល់ស្រុកអូរាំងឳ ស្រុកក្រូចឆ្មារ នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះ តាមសាលារៀននិងវត្តនីមួយៗ ទទួលបានធុងសំរាមចំនួនពីរ។ បន្ទាប់ពីបញ្ចប់ការចែកធុងសំរាម នៅខេត្តត្បូងឃ្មុំ យុទ្ធនាការ កាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក បានចែក នឹងបន្តចែកដល់សាលារៀន នៅតាមខេត្តដទៃទៀត៕
អត្ថបទ៖លោក ម៉ាដេប៉ូ,រូបភាព៖លោក គ្រី សម្បត្តិ
