អង្គការ WWF និងដៃគូរួមគ្នាបើកយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរសត្វព្រៃ
ភ្នំពេញ៖យុទ្ធនាការមួយមានឈ្មោះថា Mekong ProtecTOUR ត្រូវបាន រៀបចំឡើងដើម្បីជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងនាមជាអ្នកមានស្នាដៃឆ្នើមក្នុង វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងដំណើរទេសចរសត្វព្រៃ។

ការរៀបចំយុទ្ធនាការនេះបានធ្វើឡើងនៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅអគារociceនៃមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។អង្គការ World Wide Fund for Nature (WWF) រួមសហការជាមួយ Destination Mekong បានធ្វើការបង្ហាញ និងបើកដំណើរការនូវ យុទ្ធនាការ Mekong ProtecTOUR ។

អង្គការ WWF បានឱ្យដឹងថា ចំនួនសត្វដំរីនៅអាស៊ី ជាពិសេស អាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរអោយកត់សម្គាល់។ ដំរីព្រៃ នៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេសសរុបរួមមានត្រឹមតែ ៨,០០០ ទៅ ១១,០០០ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះ គឺប្រទេស កម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយ ក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើននៅតែបានមកពី ដំរីអាហ្រ្វិកដដែល។

អង្គការ WWF Greater Mekong បានប្តេជ្ញាចិត្តក្នុងកិច្ចការពារដំរី និងប្រភេទសត្វដែលជិតផុតពូជដទៃទៀត។ ដោយរួមបញ្ចូលទាំងការ ដោះស្រាយបញ្ហាស្នូលនៃការគម្រាមកំហែងមួយចំនួនដែលពួកគេប្រឈមមុខ ពោលគឺការទប់ស្កាត់តម្រូវការផលិតផលពីសត្វ ព្រៃក្នុង ចំណោមក្រុមអ្នកប្រើប្រាស់ធំៗ ដូចជាភ្ញៀវទេសចរណ៍ជាដើម។
លោកស្រី Mia Signs ជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងតស៊ូ មតិលើ ពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ WWF Greater Mekong បាន បញ្ជាក់ថា៖ “យើងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូ សហការជាមួយ Destination Mekong ។ក្នុងនាមយើងជាដៃ គូ ក្នុងវិស័យទេសចរណ៍ក្នុងគំនិតផ្តួចផ្តើមនេះ ដោយស្របទៅតាមចក្ខុ វិស័យរួមរបស់យើងក្នុងការលើកកម្ពស់ទេសចរណ៍ដែលប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថាមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករ ទេសចរណ៍ ទាំងនោះអាចជាអ្នកថែរក្សាសត្វព្រៃ និងបរិស្ថានជាតិ របស់ពួកគេ ហើយពួកគេជាខ្សែការពារដំបូងបង្អស់ក្នុងការប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់។ ”

លោកស្រី បានបន្ថែមថា៖ “មគ្គុទេ្ទសក៍អាចដើរតួរនាទីយ៉ាង សំខាន់ក្នុង ការជួយពន្យល់ដល់ផលវិបាកនៃការជួញដូរភ្លុកដំរីដែលនឹងប៉ះពាល់ដល់ចំនួនដំរី និង បរិស្ថាន ដែលបានធ្វើឱ្យភ្ញៀវទាំងអស់មាន សុុវត្ថិភាព និងអាចការពារឱ្យជៀសផុតពីការចូលរួមចំណែកក្នុងការជួញដូរសត្វព្រៃខុសច្បាប់”។
លោកស្រី Catherine Germier-Hamel, នាយកប្រតិបត្តិរបស់ Destination Mekongលើកឡើងថា ៖ “Mekong ProtecTOUR គឺ ជាឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងមគ្គុទ្ទេសក៍និងប្រតិបត្តិករទេសចរណ៍នានាដែលបានចូលរួមក្នុងការលើកកម្ពស់នឹងប្រូម៉ូតសម្បត្តិវប្បធម៍បុរាណតំបន់ទេសចរណ៍នានានិង ធនធានធម្មជាតិនានា ”។

លោកស្រីបានបញ្ជាក់បន្ថែមថា ៖ “ការចែករំលែកនូវបទពិសោធន៍ ដំណោះស្រាយជាក់លាក់ពីសហគមន៍ និង ការចែករំលែកសាច់ រឿង ផ្ទាល់ខ្លួនដែលមានភាពទាក់ទាញ ។យើងមានគោលបំណងក្នុង ការ ពង្រឹងសមត្ថភាពអ្នកអាជីបក្នុងវិស័យនេះ ធុរកិច្ចនិងអង្គការនានា មន្រ្តីរាជរដ្ឋាភិបាល ដើម្បីធ្វើការកែប្រែទេសចរណ៍អោយក្លាយជា សរសរស្តម្ថ ដោយឈរលើនិរន្តភាពនិងការអភិរក្សនិង ការពារសត្វព្រៃ” ៕
អត្ថបទ៖លោក ម៉ាដេប៉ូ ,រូបភាព៖លោក គ្រី សម្បត្តិ