ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កុំយកសារព័ត៌មានជាង ២ពាន់អង្គភាព ធ្វើជាចំណាប់ខ្មាំងរបស់សារព័ត៌មាន ១ ឬ ២ ដែលប្រព្រឹត្តិខុសច្បាប់ ហើយត្រូវបានគេដកអាជ្ញាបណ្ណ ទៅជាវាយតម្លៃស្ថានភាពរួម ថាកម្ពុជាសេរីភាពសារព័ត៌មានថយចុះ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការដកអាជ្ញាបណ្ណសារព័ត៌មាន ១ ឬ ២ស្ថាប័ន ដែលបានធ្វើខុសច្បាប់ មិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា ដែលមានជាង២ពាន់ស្ថាប័ននោះទេ។

នេះជាការថ្លែងរបស់ ឯកឧត្តម ប៉ែន បូណា ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌ AMS នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» បន្ទាប់ពីមានការលើកឡើងថា ខណៈទិវាសិទ្ធិមនុស្សនឹងចូលមកដល់ នៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ មានការរិះគន់រឿងធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយការបិទវិទ្យុ VOD កន្លងមក ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា បានបដិសេធចំពោះការដាក់រហស្សនាមថា វិទ្យុ VOD ជាស្ថាប័នព័ត៌មានឯករាជ្យចុងក្រោយ ដែលត្រូវបានបិទដោយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយនេះ គេលើកយកករណីដកអាជ្ញាបណ្ណព័ត៌មាន ២ ៣ ៤ អញ្ចឹងទៅដោយយករឿងហ្នឹងមកវាយតម្លៃស្ថានការណ៍សេរីភាពសារព័ត៌មានកម្ពុជា។

ខ្ញុំសូមជម្រាបចុះសារព័ត៌មានជាង ២ពាន់អង្គភាព មានអ្នកសារព័ត៌មានរាប់ម៉ឺននាក់ ដែលកំពុងធ្វើការនៅកម្ពុជា ម៉េចបានក្លាយជាចំណាប់ខ្មាំងរបស់សារព័ត៌មាន ១ឬ២ ដែលប្រព្រឹត្តិខុសច្បាប់ ហើយត្រូវបានគេដកអាជ្ញាបណ្ណ ទៅជាវាយតម្លៃស្ថានភាពរួមរបស់កម្ពុជា ថាកម្ពុជាសេរីភាពសារព័ត៌មានថយចុះ»។

បើតាម ឯកឧត្តម ប៉ែន បូណា មានរបាយការណ៍ជាហូរហែចេញពីអង្គការមួយចំនួនតូច ឬក៏ស្ថាប័នមួយចំនួនតូច តែងតែធ្វើការវាយតម្លៃអំពីសេរីភាពនៅកម្ពុជា មិនមានសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងស្ថានភាពសិទ្ធិមនុស្សជាដើម ថាប្រទេសកម្ពុជាមានការធ្លាក់ចុះស្ថានភាពសេរីភាពក្នុងការបញ្ចេញមតិ ។

ឯកឧត្តម រំលឹកថា បើមើលបរិបទកម្ពុជា ចេញពីឆ្នាំ១៩៧៩មក អាចហៅថាចេញពីចំណុចសូន្យ ឬអ្នកខ្លះគិតថា ក្រោមសូន្យទៅទៀត នៅពេលកម្ពុជាចាប់ផ្តើមផ្តល់ជូនពលរដ្ឋនូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន រហូតមានសិទ្ធិគ្រប់យ៉ាង ដែលមានរហូតដល់សព្វថ្ងៃ ។

ជារួម ឯកឧត្តម បញ្ជាក់ទៀតថា មកដល់ពេលនេះ ប្រទេសកម្ពុជាមានសារព័ត៌មានជាង ២ពាន់ស្ថាប័ន អ្នកសារព័ត៌មានរាប់ម៉ឺននាក់ និងបញ្ចេញមតិយោបល់គ្រប់បែបយ៉ាង នៅតាមបណ្តាញសង្គមហ្វេសប៊ុក ហេតុនេះហើយ សេរីភាពសារព័ត៌មាននៅកម្ពុជាគឺមិនធ្លាក់ចុះទេ៕

អត្ថបទ ៖ លីដា
រូបភាព ៖ ជឹម ភារ៉ា

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner