ក្រសួងសុខាភិបាល បើកសិក្ខាសាលាបណ្តុះបណ្តាលការគ្រប់គ្រងថែទាំ និងព្យាបាលជំងឺ គ្រុនឈាម ដល់គ្រូពេទ្យក្នុងខេត្តក្រចេះ

អត្ថបទដោយ៖
Kien Sereyvuth

ក្រចេះ៖ ករណីផ្ទុះនូវជំងឺគ្រុនឈាមនៅក្នុងខេត្តក្រចេះ គិតត្រឹមសប្តាហ៍ទី២៨ ឆ្នាំ២០១៩នេះ អ្នកស្លាប់ដោយសារជំងឺគ្រុនឈាម កើនឡើងដល់៧នាក់ហើយ ក្នុងចំណោមអ្នកជំងឺគ្រុនឈាមចំនួន១,៤៧៧នាក់ ដែលត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។

នៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាមដល់គ្រុមគ្រូពេទ្យ ប្រមាណជា១៦០នាក់ ក្រោមអធិបតីភាពឯកឧត្តម យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងគោលបំណងបញ្ជ្រាបឲ្យកាន់តែដឹងបន្ថែមអំពីមុខសញ្ញា និងរោគសញ្ញានៃការផ្ទុកជំងឺគ្រុនឈាម។

យោងតាមរបាយករាណ៍លោកវេជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ករណីផ្ទុះនូវជំងឺគ្រុនឈាមនៅក្នុងខេត្តក្រចេះ គិតត្រឹមសប្តាហ៍ទី២៨ ឆ្នាំ២០១៩នេះ មានចំនួន១,៤៧៧នាក់ ក្នុងនោះស្លាប់៧នាក់ ហើយការផ្ទុះនៃជំងឺគ្រុនឈាមភាគច្រើន គឺនៅឃុំឃ្សឹម ក្នុងស្រុកស្នួល ខេត្តក្រចេះ។

មានប្រសាសន៍ក្នុងសិក្ខាសាលានោះដែរ ឯកឧត្តម យីត ស៊ុនណារ៉ា បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជា និងបណ្ដាប្រទេសមួយចំនួនកំពុងមានការផ្ទុះនូវជំងឺគ្រុនឈាម តម្រូវឲ្យប្រជាពលរដ្ឋ មានការយល់ដឹង និងការពារទប់ស្កាត់នៃការទូទាត់ជំងឺគ្រុនឈាម ដោយសារជំងឺគ្រុនឈាមនេះ កាន់តែវិវឌ្ឍន៍ ធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិតភ្លាមៗ។ ក្នុងនោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីពេទ្យភ្លាមៗ ប្រសិនបើរកឃើញថា អ្នកជំងឺមានកម្តៅកើនឡើងដល់៣៨,៥អង្សាសេ ដែលបន្ទាប់ពីការប្រើថ្នាំបញ្ចុះកំដៅ មិនចុះកម្ដៅក្នុងរយៈពេល២ថ្ងៃ និងមានសញ្ញាសន្លឹម ឬកុមារឡេះឡះអស់កម្លាំង និងឈឺនៅក្នុងពោះ ដោយថ្លើមរីកធំ ត្រូវបញ្ជូនកុមារមកពីគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបង្អែកដែលនៅជិតបំផុត។ 

លើសពីនេះ អ្វីដែលគួរយល់ដឹងបន្ថែម និងជួយអ្នកជំងឺគ្រុនឈាមបានលឿនទាន់ពេលវេលា ក្រៅពីក្រុមគ្រូពេទ្យ គឺអាណាព្យាល ដែលនៅជិតជាមួយអ្នកជំងឺ គឺមិនត្រូវផ្សំថ្នាំផ្តេសផ្តាស ដែលអាចបង្កឲ្យប៉ះពាល់ទៅដល់អាយុជីវិត ហើយត្រូវពិនិត្យតាមដាន និងយល់ច្បាស់ពីស្ថានភាពរោគសញ្ញានៃជំងឺនេះ ដើម្បីបញ្ជូនអ្នកជំងឺមកសង្រ្គោះព្យបាលបានទាន់ពេវលា។ ឯកឧត្តមបន្តថា មិនត្រូវទុកអ្នកជំងឺចោលតែម្នាក់ឯងនោះទេ ព្រោះស្ថានភាពជំងឺនេះ មានការប្រែប្រួលយ៉ាងឆាប់រហ័ស ដូចនេះសូមប្រុងប្រយ័ត្ន និងរាយការណ៍ជូនពេទ្យជាបន្ទាន់ និងត្រូវចូលរួមការពារ សម្អាតបរិស្ថានលំនៅផ្ទះ ឲ្យពន្លឺចូលគ្រប់គ្រាន់ និងដាក់ថ្នាំអាប៊េតតាមទីតាំងដក់ទឹកផងដែរ៕ធ.ដ

ដោយៈ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner