ប្រជាពលរដ្ឋរស់នៅភូមិតាឡី ខណ្ឌដង្កោ ទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុក្បាលដី សរុប២,១៥៧ក្បាលដី

អត្ថបទដោយ៖
Kien Sereyvuth

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២,១៥៧ក្បាលដី ត្រូវបានឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុន សែន ផ្តល់ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកស្រី ព្រំ គន្ធា អនុប្រធានក្រុមចុះបញ្ជីអនុវិស័យដីធ្លីប្រចាំខណ្ឌដង្កោ ភូមិតាឡី បញ្ជាក់ថា ក្បាលដី ដែលត្រូវផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ មានដីលំនៅដ្ឋានចំនួន១,៧៨៥ក្បាលដី ដីកសិកម្ម មាន៣៧២ក្បាលដី មិនផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន៦១១ក្បាលដី ម្ចាស់ដីមិនផ្ដល់ព័ត៌មានចំនួន៦០០ក្បាល ដីទំនាស់មានចំនួន៣ក្បាលដី តវ៉ាកាត់ចំណីផ្លូវចំនួន៨ក្បាលដី។ លោកស្រីបានបន្តទៀតថា លទ្ធផលខាងលើនេះ បានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមមន្ត្រីជំនាញ ដែលបានសហការយ៉ាងយកចិត្តទុកដាក់ជាមួយមេភូមិ ព្រឹទ្ធាចារ្យភូមិ ដោយមានការជ្រោមជ្រែង ពីសំណាក់សាលារាជធានីភ្នំពេញ គណៈអភិបាលខណ្ឌ ចៅសង្កាត់ ព្រមទាំងការចូលរួម យ៉ាងសស្រោកស្រស្រាំ ពីបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី និង ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ទើបថ្ងៃនេះសម្រេចតាមផែនការ ដែលបានគ្រោងទុក។

 

លោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងការអនុវត្តនីតិវិធីនៃការសាងសង់ប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ចុះស្រង់ទិន្នន័យ នៃការវិនិច្ឆ័យ និងកំណត់ការវិនិច្ឆ័យ បូកសរុបនៅលើឯកសារ ឯកសារទាំងនោះ ក្នុងដំណាក់កាលផ្សព្វផ្សាយជាសាធារណៈនូវទិន្នន័យ នៃការវិនិច្ឆ័យ ហើយបានទុករយៈពេល ១៥ថ្ងៃ ដើម្បីផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ការកាន់កាប់ដី ឬមានផលប្រយោជន៍លើក្បាលដីណាមួយនៅក្នុងភូមិសង្កាត់ សូមចូលរួមពិនិត្យផ្ទៀងផ្ទាត់ដោយផ្ទាល់ នឹងធ្វើការទំនាស់តវ៉ាក្នុងករណី ដែលឃើញថា គណនេយ្យ នៃក្បាលដីណាមួយ មិនទាន់ជាក់លាក់ ឬ មិនពេញលេញ។

លោកបានបន្តថា ការបំបែកក្បាលដីនេះ ផ្ដល់នូវសារប្រយោជន៍ពីរយ៉ាងដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋយើងផងចំពោះប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និង សិទ្ធិកាន់កាប់ដីធ្លីពេញលេញ ជូនគាត់ ហើយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៀតសោត មានសារសំខាន់សម្រាប់ជាភ័ស្តុតាងនូវការកាន់កាប់ក្បាលដី។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បញ្ជាក់ជូនពលរដ្ឋថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  សូមបងប្អូនត្រូវចេះថែរក្សាទុកដាក់ឱ្យបានល្អការពារ កុំឲ្យភ្លើងឆេះ ឬបាត់ និងត្រូវទុកដាក់កន្លែងណាដែលមានសុវត្ថិភាព។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជី និងចេញប័ណ្ឌកម្មសិទ្ធិជូនប្រជាជនចំនួន ៤,៥៨២,០៧៦ ស្មើនឹង ៦៥,៤៥% នៃក្បាលដីសរុបប្រមាណ៧លានក្បាលដី៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner