ពលរដ្ឋចិនហុងកុងស្លៀកពាក់តាមលោកតា សាន់តា ក្លូស ដើររៃអង្គារប្រាក់ជួយជនអនាថា
ហុងកុង៖ លោកតា សាន់តា ក្លូស រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងហុងកុង សម្រាប់ការចូលរួមកម្មវិធី SantaCon ប្រចាំឆ្នាំ។
ប្រជាជនហុងកុងស្លៀកពាក់ក្រហម និងស ដោយមានខ្លះស្លៀកពាក់ជាលោកតា សាន់តា ក្លូស បានប្រមូលផ្តុំគ្នានៅបារមួយកន្លែង មុនពេលដើរដង្ហែ និងច្រៀងចម្រៀងបុណ្យណូអែលតាមដងផ្លូវ។
ព្រឹត្តិការណ៍ដែលគេឃើញលោកតា សាន់តា ក្លូស ជាច្រើននៅតាមទីកន្លែងផ្សេងៗគ្នាក្នុងទីក្រុងហុងកុងប្រហែល ១២ម៉ោងនេះ គឺជាកម្មវិធីរៃអង្គាសប្រាក់សម្រាប់ Impact HK ដែលជាអង្គការក្រៅរដ្ឋាភិបាល ជួយដល់ជនអនាថានៅទីក្រុងហុងកុង។
អ្នកនាង Laura អ្នករៀបចំព្រឹត្តិការណ៍ SantaCon បានរៀបរាប់ថា វាជាព្រឹត្តិការណ៍ធំមួយនៅទីក្រុងញូវយ៉ក។ ដូច្នេះខ្ញុំចង់ធ្វើឱ្យព្រឹត្តិការណ៍នេះ ក្រៅពីការកំសាន្តសប្បាយហើយនោះ វាក៏ជាឱកាសធ្វើសប្បុរសធម៌ផងដែរ។
អ្នកនាង Laura បន្ថែមថា ខ្ញុំគិតថា ព្រឹត្តិការណ៍នេះជារឿងដ៏រំភើបរីករាយមួយ ពីព្រោះវាធ្វើឱ្យមនុស្សគ្រប់គ្នានៅជុំវិញយើង មានស្នាមញញឹមជាមួយនឹងការរូបថត ជាពិសេសធ្វើឱ្យអ្នកគ្រប់គ្នាសប្បាយចិត្ត ហើយអ្នកគ្រប់គ្នាសង្ឃឹមថា នឹងមានពេលវេលាដ៏ល្អបែបនេះជារៀងរាល់ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




