ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈជាមួយ UNESCAP ដើម្បីជំរុញការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា(NBC)បានអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកប​ដោយចីរភាពរបស់ប្រទេសកម្ពុជា ជាមួយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដើម្បីគំនិតផ្តួចផ្តើមចាំបាច់ក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនេះត្រូវបានធ្វើឡើងរវាងឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជានិងលោកស្រី Subathirai Sivakumaran ប្រធានផ្នែកហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ(UNESCAP)នៅចុងសប្ដាហ៍នេះនារាជធានីភ្នំពេញក្រោមអធិបតីភាព
លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

 ក្នុងពិធីចុះហត្ថលេខាលើ លោកជំទាវ ជា សិរី បានអំពាវនាវដល់ភាគីពាក់ព័ន្ធរួមមាន ក្រសួង-ស្ថាប័នរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងសហគ្រាសឯកជន ឱ្យចូលរួមសហការទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុ សំដៅលើកកម្ពស់ដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវទេសាភិបាលបានថ្លែងទៀតថា ៖«ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី ការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជានេះ គឺក្នុងគោលដៅដាក់ចេញនូវទស្សនវិស័យ គំនិតផ្តួចផ្តើមចាំបាច់ ក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា»។

ប្រភពធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលើកកម្ពស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕ ដោយ៖ វណ្ណ សុជាតា

ads banner