រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ធនធានមនុស្ស គឺជាកត្តាចម្បង សម្រាប់ក្រុមហ៊ុននីមួយៗ
ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី បើក ពិព័រណ៍ ការងារក្នុងវិស័យអប់រំកសិកម្មស្តីពី ការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកល វិទ្យាភូមិន្ទ កសិកម្ម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ និងសម្រេចបានលទ្ធផលជាផ្លែផ្កា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍គន្លឹះក្នុងការផ្សារភ្ជាប់ធនធានមនុស្សរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាស្របទៅតាមតម្រូវការទីផ្សារការងារ។ កម្មវិធីសិក្សាគោលដែលមានស្រាប់ គឺជាអាទិភាព ប៉ុន្តែនិស្សិត ត្រូវទទួលបានការអប់រំអំពីចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យុទ័រ ដែលចាំបាច់សម្រាប់ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធ ភាពនៃការអនុវត្តការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់ក្រុមហ៊ុននីមួយៗ ហើយធនធានមនុស្ស ដើរ តួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ លើសពីនេះទៀត កសិកម្មត្រូវផ្សារភ្ជាប់នឹងឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការសិក្សាពីគ្នាឱ្យបានច្បាស់លាស់ ដោយក្នុងនោះក្រុមហ៊ុនត្រូវបង្ហាញពីសក្តានុពល ទស្សនៈវិស័យ និងលក្ខខណ្ឌតម្រូវនានា ដើម្បីឱ្យនិស្សិតត្រៀមលក្ខណៈ ប្រកប ដោយភាពជឿជាក់ និងឆន្ទៈក្នុងចូលរួមជួយក្រុមហ៊ុនឱ្យមាន ការរីក ចម្រើន។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោល នយោយបាយកសិកម្មអាណត្តិថ្មីទី៧នេះ ក្នុងការជំរុញ សហគមន៍ កសិកម្មទំនើប ដែលមានសមត្ថភាព ផលិតក្នុង ទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយ កសិកម្មតាមភូមិឃុំ ដើម្បីជួយដល់កសិករ ទាំងបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈម ផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
សូមជម្រាបថា ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ធ្វើឡើងជាដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន២៥០នាក់ ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់ សរុប ១.៦០០នាក់៕
ប្រភព៖ក្រសួងកសិកម្ម