សេតវិមាន៖ អាមេរិកចង់បន្តកិច្ចសន្ទនាយោធាជាមួយចិន
អាមេរិក៖ សហរដ្ឋអាមេរិក និងចិននៅមិនទាន់បានបើកឱ្យមានកិច្ចសន្ទនាផ្នែកយោធា ដែលមេដឹកនាំរបស់ពួកគេបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមុននោះទេ ។នេះបើយោងតាមសេតវិមានអាមេរិក។ ការលើកឡើងនេះ ហាក់ដូចជាសហរដ្ឋអាមេរិកកំពុងមានបំណងចង់ចាប់ផ្តើមពិភាក្សាផ្នែកយោធាជាមួយចិនឡើងវិញ ដើម្បីកាត់បន្ថយភាពតានតឹងដែលភាគីទាំងពីរកំពុងជួបប្រទះ។
លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យរបស់សេតវិមានអាមេរិកបានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះប្រភេទ Air Force One ថា ការបើកកិច្ចពិភាក្សាយោធាឡើងវិញនឹងអាចកាត់បន្ថយកំហុសឆ្គង និងការយល់ច្រឡំរវាងគ្នាបានច្រើន។
ប៉ុន្តែលោកបានបន្ថែមថា កិច្ចចរចានេះប្រហែលជាមិនទាន់អាចធ្វើទៅបាននោះទេ ដោយសារតែប្រទេសចិនមិនទាន់បានតែងតាំងអ្នកជំនួសតំណែងលោកឧត្តមសេនីយ៍ លី សាងហ្វ៊ូ (Li Shangfu) ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិចិន ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែតុលា និងដែលជាសមភាគីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ហ្វ្លយ អូស្ទីន (Lloyd Austin)។
លោក ខឺប៊ី បានមានប្រសាសន៍ថា ៖ «ខ្ញុំយល់ថា ទំនាក់ទំនងផ្នែកយោធាមិនទាន់ត្រូវបានស្ដារឡើងវិញនោះទេ នេះគឺប្រហែលជាដោយសារតែអវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិចិន»។ លោកបានបន្តថា ៖ «យើងសូមជំរុញឱ្យមានការតែងតាំងអ្នកណាម្នាក់ក្នុងពេលឆាប់ៗ ដើម្បីចាប់ផ្ដើមដំណើរការកិច្ចចរចា»។
គួរដឹងដែរថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ធ្លាប់បានសម្រេចថាពួកគេនឹងចាប់ផ្តើមស្ដារទំនាក់ទំនងយោធាឡើងវិញ អំឡុងពេលដែលមេដឹកនាំទាំងពីរមានជំនួបក្នុងកិច្ចប្រជុំកំពូល APEC នៅរដ្ឋកាលីហ្វ័រញ៉ា (California) កាលពីខែមុន។
សូមរំឭកថា ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរត្រូវបានផ្អាកបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ក្នុងខែសីហា ឆ្នាំ២០២២ ដែលបានធ្វើឱ្យប្រទេសចិនដែលតែងតែទាមទារអធិបតេយ្យភាពលើកោះមួយនេះ មានការខឹងសម្បារយ៉ាងខ្លាំង។
កាលពីថ្ងៃទី៨ ខែធ្នូ តៃវ៉ាន់បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនចំនួន ១២ គ្រឿង និងបាឡុងអាកាសធាតុមួយ បានហោះឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅក្នុងច្រកសមុទ្រតៃវ៉ាន់។ សកម្មភាពនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង ខណៈដែលតៃវ៉ាន់បាននិងកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយនេះ។
សូមកត់សម្គាល់ថា ការបោះឆ្នោតនៅថ្ងៃទី១៣ ខែមករា ខាងមុខរបស់តៃវ៉ាន់ បានទាក់ទាញការយកចិត្តទុកដាក់ពីរដ្ឋបាល លោក បៃដិនផងដែរ ពោលគឺពួកគេបានបង្ហាញចំណាប់អារម្មណ៍ចង់បង្កើតទំនាក់ទំនងយោធាដោយផ្ទាល់រវាងភាគីទាំងពីរនៅក្នុងតំបន់មួយចំនួន ដែលជម្លោះអាចកើតមាន។
ក្នុងឆ្នាំ២០២៣ នេះ សហរដ្ឋអាមេរិក និងចិនបានជួបប្រទះនឹងបញ្ហាចម្រូងចម្រាសជាច្រើន ជាពិសេសជុំវិញការធ្វើសមយុទ្ធយោធារៀងៗខ្លួនក្នុងតំបន់ រួមមានដូចជានៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម៕ ប្រែសម្រួល៖ធា សុណា