តួកគីចោទលោកខាងលិចថា គាំទ្រអំពើព្រៃផ្សៃក្នុងសង្រ្គាមនៅហ្គាហ្សា

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក រ៉េហ្ស៊ីប អ៊ែរដូហ្គាន់ កាលពីថ្ងៃសៅរ៍ទី៩ ខែធ្នូ បានចោទប្រកាន់លោកខាងលិចថាគាំទ្រអំពើព្រៃផ្សៃនៅតំបន់ហ្គាហ្សា តាមរយៈជំហររបស់ពួកគេលើជម្លោះអ៊ីស្រាអែល-ហាម៉ាស់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

ក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងមួយថ្ងៃមុនខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នាទីក្រុងអ៊ីស្តង់ប៊ុល លោក អ៊ែរដូហ្គាន់ បានថ្លែង ថា៖ «អ៊ីស្រាអែលបានប្រព្រឹត្តអំពើឃោរឃៅ និងការសម្លាប់រង្គាលដែលនឹងធ្វើឱ្យមនុស្សជាតិទាំងមូលអាម៉ាស់»។

លោកបន្តថា ៖ «តម្លៃទាំងអស់ទាក់ទងនឹងមនុស្សជាតិ ត្រូវបានកប់ចោលនៅហ្គាហ្សា។ នៅចំពោះមុខភាពឃោរឃៅបែបនេះ ស្ថាប័នអន្តរជាតិ និងអង្គការសិទ្ធិមនុស្ស មិនចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីទប់ស្កាត់ការរំលោភបំពានបែបនេះឡើយ»។

សូមបញ្ជាក់ថា សេចក្តីប្រកាសសិទ្ធិមនុស្ស ដែលប្រកាសដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងប៉ារីស ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ កំណត់ស្តង់ដារសិទ្ធិមនុស្ស និងសេរីភាពសម្រាប់មនុស្សគ្រប់រូប។

មេដឹកនាំតួកគីដដែលបានបន្ថែមថា តម្លៃតែមួយគត់ដែល លោកខាងលិចប្រកាន់ខ្ជាប់ គឺភាពព្រៃផ្សៃរបស់ពួកគេ។ គេអាចបានឃើញឧទាហរណ៍នៃភាពព្រៃផ្សៃរបស់បស្ចិមប្រទេសទាំងនោះ នៅក្នុងព្រឹត្តិការណ៍ដ៏អកុសលទាំងអស់ដែលពួកគេបានគាំទ្រ ឬប្រព្រឹត្តិ»។

លោក អ៊ែរដូហ្គាន់ បានលើកយកអំណះអំណាងពីការវាយប្រហារលើវិហារអ៊ិស្លាមនៅក្រុងChristchurch នៃប្រទេសនូវែលសេឡង់ក្នុងឆ្នាំ ២០១៩ ដែលខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន ៥១ នាក់។ លោកនិយាយថា លោកខាងលិចចាត់ទុកការវាយប្រហារ «ប្រឆាំងនឹងសាសនាអ៊ិស្លាម» នោះ ថាស្របច្បាប់ ហើយថែមទាំងបានលើកទឹកចិត្តលើការវាយប្រហារនោះទៀតផង។

លោក អ៊ែរដូហ្គាន់ ថ្លែងថា យោងតាមការយល់ដឹងរបស់លោកខាងលិច ពួកដែលមិនមែនជាលោកខាងលិច គ្មានសិទ្ធិនឹងប្រើសិទ្ធិមនុស្សជាសាកលនោះទេ។

ភ្ជាប់នឹងបញ្ហានេះ លោក អ៊ែរដូហ្គាន់ បាននិយាយថា ពិភពលោកដែលប្រកបដោយយុត្តិធម៌ជាងនេះ អាចកើតមាន ប៉ុន្តែវាមិនអាចកើតមានជាមួយអាមេរិកនោះទេ ដោយសារប្រទេសនេះគាំទ្រអ៊ីស្រាអែល។ លោកបន្តថា ៖ «ចាប់ពីពេលនេះតទៅ មនុស្សជាតិនឹងមិនគិតថា សហរដ្ឋអាមេរិកគាំទ្រសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទេ»។

ការថ្លែងយ៉ាងបែបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានវេតូលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌នៅតំបន់ ហ្គាហ្សា។ អាមេរិកដែលជាសម្ព័ន្ធអាមេរិក ជឿថា បទឈប់បាញ់នៅហ្គាហ្សា នឹងផ្ដល់ប្រយោជន៍ឱ្យតែក្រុមហាម៉ាស់ ដែលខ្លួនចាត់ទុកថាជាក្រុមភេរវករប៉ុណ្ណោះ។

គួររំឭកថា កាលពីខែតុលា លោក អ៊ែរដូហ្គាន់ បានប្រាប់ហ្វូងបាតុករដ៏ធំនៅទីក្រុងអ៊ីស្តង់ប៊ុលថា រដ្ឋាភិបាលរបស់លោកកំពុងរៀបចំ ដើម្បីប្រកាសអ៊ីស្រាអែលជា «រដ្ឋប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម» ដោយសារតែសកម្មភាពរបស់ប្រទេសនេះនៅតំបន់ហ្គាហ្សា។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយជា ខ្លួននឹងវាយតម្លៃឡើងវិញនូវទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយតួកគី។

ការរិះគន់របស់លោក អ៊ែរដូហ្គាន់ ជុំវិញបញ្ហាសិទ្ធិមនុស្សរបស់លោកខាងលិច ធ្វើឡើងខណៈកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសតួកគី ក្នុងអំឡុងពេលកាន់អំណាចរយៈពេល២ទសវត្សរ៍របស់លោក អ៊ែរដូហ្គាន់ ស្ថិតនៅក្រោមការរិះគន់ជាញឹកញាប់។

រដ្ឋាភិបាលលោក រងការរិះគន់យ៉ាងចាស់ដៃ លើការកំណត់គោលដៅលើសកម្មជនរិះគន់រដ្ឋាភិបាល និងអ្នកប្រឆាំងនយោបាយ ការបំផ្លាញឯករាជ្យភាពរបស់តុលាការ និងការចុះខ្សោយនៃស្ថាប័នប្រជាធិបតេយ្យជាដើម៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner