រដ្ឋមន្ត្រីក្រសួងកសិកម្ម សាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយឯកឧត្តម ចាស្ទីន វ៉ាយអេត( Justin Whyatt០ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅទីស្តីការ ក្រសួងកសិកម្ម ។
នៅក្នុងជំនួបកាលពីរសៀលថ្ងៃទី ៨ខែធ្នូ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការ ល្អរវាង ប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួម អភិវឌ្ឍ វិស័យ កសិកម្ម នៅកម្ពុជា ដោយចំពោះការគាំទ្ររបស់អូស្ត្រាលីក្នុង កិច្ចការ ស្រាវជ្រាវពូជស្រូវនៅកម្ពុជា រហូតសម្រេចបានពូជ ស្រូវចំប៉ី ស៧០ និងពូជស្រូវផ្សេងៗទៀតចំនួនជិត៥០ប្រភេទ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូន ឯកឧត្តមឯក អគ្គរដ្ឋ ទូតអូស្ត្រាលីអំពីគោលនយោបាយរបស់ក្រសួង ដែលកំពុង ជំរុញ សហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពដាំដុះផលិត ផលកសិកម្មក្នុងទ្រង់ទ្រាយធំដូចជាស្រូវ ស្វាយចន្ទី និងម្រេច ដែល មានគុណភាពខ្ពស់ សម្រាប់កែច្នៃដើម្បីនាំចេញ និងទទួលបាន តម្លៃ បន្ថែមខ្ពស់។
លើសពីនេះទៀត ក្រសួងក៏កំពុងសហការជាមួយស្ថាប័ន ពាក់ព័ន្ធក្នុង ការជ្រើសរើស និងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្ម ដែលមាន សមត្ថភាព ឆន្ទៈ នៅតាមមូលដ្ឋានភូមិឃុំ ដើម្បីជួយកសិករលើ បច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈម ផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ ក្រសួងបើកទូលាយ សម្រាប់ការ វិនិយោគ និងស្វាគមន៍គម្រោងអភិវឌ្ឍក្នុងការចូលរួមជួយ ដល់ កសិករក្នុងខ្សែច្រវាក់ផលិតកម្ម លើដំណាំសក្តានុពល មួយចំនួន ដូចជាស្រូវ បន្លែ ស្វាយចន្ទី ម្រេច ព្រមទាំងវារីវប្បកម្មផងដែរ។ ក្រសួងត្រៀមខ្លួន ក្នុងការសម្របសម្រួល និងគាំទ្រ ដើម្បីឱ្យកិច្ច សហប្រតិបត្តិការទទួលបានជោគជ័យ ផ្តល់ប្រយោជន៍ដល់កសិករ មានផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ៕
ប្រភព៖ក្រសួងកសិកម្ម