អ្នកគាំទ្រកីឡាចំនួន ២៥០ចូលរួមក្នុងព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នា
(ខេត្តកណ្តាល)៖ ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នាសម្រាប់វិញ្ញសារត់៣គីឡូនិង ៥គីឡូម៉ែត្រ ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល មានអ្នកគាំទ្រកីឡាចូលរួមរត់ចំនួន ២៥០នាក់ នាព្រឹកថ្ងៃទី១០ ឆ្នាំ២០២៣ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ថា កីឡាដើម្បីទាំងអស់គ្នានេះ បានរៀបចំឡើងលើប្រភេទកីឡាចំនួន៥ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី៩ដល់ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៣។ លោកថា កីឡាដើម្បីទាំងអស់គ្នានេះ មន្ទីរអប់រំយុវជននិងកីឡាបានរៀបចំឡើងមានរយៈពេល ១០មកហើយ ។

ព្រឹត្តិការណ៍កីឡានេះ ទទួលបានការឯកភាព ពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្ត កណ្តាល ក្នុងគោលបំណង ជំរុញឲ្យមហាជនងាកមកចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទ ។

ប្រធានការិយាល័យកីឡាខាងលើ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នាចាប់តាំងពីបង្កើតមកមានអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ពី១ពាន់នាក់ទៅ៣ពាន់នាក់ក្នុងមួយឆ្នាំ ក្នុងនោះមានមហាជននិងសិស្សានុសិស្ស ។

លោកថា កីឡាដើម្បីទាំងអស់គ្នា ដែលខេត្តកណ្តាលបានបង្កើតឡើងជារៀងរាល់ឆ្នាំនេះ គឺជាការរួមចំណែកទាក់ទាញយុវជននៅក្រៅតំបន់សេវាអប់រំ ឲ្យពួកគាត់ងាកមកលេងកីឡា ឆ្លាតឆ្ងាញពីអំពើរពាលា និងគ្រឿងញៀន ។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នានេះ សម្រាប់វិញ្ញសារត់មានរត់ចម្ងាយ៣គីឡូម៉ែត្រ និងរត់ ៥គីឡូម៉ែត្រ ដែលមានមហាជននិងសិស្សនុសិស្សចូលរួមចំនួន ២៥០នាក់។

សូមបញ្ជាក់ថា ការប្រកួតកីឡាដើម្បីទាំងអស់គ្នា ដែលខេត្ត កណ្តាលរៀបចំចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៣ មានប្រភេទកីឡាចំនួន៥ ដូចជា៖ កីឡាអត្តពលិកកម្ម បាល់ទាត់ បាល់បោះ បាល់ទះ ប៉េតង់ ៕
រូបភាព អត្ថបទ៖ជាវ ចន្ធូ