អណ្តើក​ហ្លួង ​នឹង​ធ្លាក់​ចុះ ដោយ​សារ​​ការ​​ទន្ទ្រាន​​ព្រៃ​​លិច​​ទឹក និង​ការ​នេសាទ​ខុស​ច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីរដ្ឋបាលជលផល និង​អង្គការ​អភិរក្ស បាន​លើកឡើងថា អណ្ដើក​ហ្លួង នឹង​ត្រូវ​ធ្លាក់​ចុះដោយ​សារ​ការ​ទន្ទ្រា​ន​ព្រៃ​លិច​ទឹក​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល និង​ការ​នេសាទខុ​ស​ច្បាប់ ខណៈ​ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​នោះ កំពុង​បង្កើន​ការ​ងារ​ចុះ​ល្បាត និង​បង្កើន​ការ​បង្កាត់​ពូជ​អណ្ដើក​ហ្លួង​។

លោក អ៊ុក វិបុល ប្រធាន​​នាយក​​ដ្ឋាន​​អភិរក្ស​ជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រាប់​​ឱ្យ​ដឹង​នៅថ្ងៃ​​ទី​១០ ខែ​ធ្នូ​ថា សព្វ​ថ្ងៃ​នេះ​អណ្ដើក​ហ្លួង គឺ​លែង​រង​នូវ​សម្ពាធ​ពី​ការ​បូម​​ខ្សាច់​ទៀត​ហើយ​ ដោយ​សារ​អាជ្ញាធរ​បាន​ចុះ​ទៅ​​បង្ក្រាប​ជន​ល្មើស និង​មិន​ឱ្យ​មាន​សកម្មភាព​បូមខ្សាច់​បន្ត​ឡើយ​។

លោកបាន​​បន្ត​ថា ទោះ​បី​មិ​​ន​មានស​កម្មភាព​បូមខ្សាច់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អណ្ដើក​ហ្លួង​ក៏​ពិត​មែន ប៉ុន្តែ​បែរ​ជា​មាន​សកម្មភាព​ការ​​ទន្ទ្រាន​ព្រៃ​នៅ​តាម​មាត់​ព្រែក​ដែល​អណ្ដើកហ្លួង​កំពុងរ​ស់​នៅ ហើយ​ក្រៅ​ពី​នេះ​ក៏​មាន​បទល្មើស​នេសាទ​ខុស​ច្បាប់​ផង​ដែរ​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​មាន​បទល្មើស​នេសាទ​ខុស​ច្បាប់ និង​ការ​ទន្ទ្រាន​ព្រៃលិច​ទឹក បច្ចុប្បន្ន​នេះ ខាង​រដ្ឋបាលជលផល បានប​ង្កើន​សកម្មភាពការ​ងារ​អ​ភិរក្ស​​ដូចជា៖ ការ​ចុះ​ល្បាត ការ​លែង​អណ្ដើក​ហ្លួង​ឱ្យត្រ​ឡប់​ទៅ​វិញ និង​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​សហគមន៍ ក៏​ដូច​ជា​ការ​បង្កើន​ការ​ភ្ញាស់​ពង​អណ្ដើក​ហ្លួង​នៅ​តាម​មជ្ឈ​មណ្ឌល​អភិរក្ស។

លោក អ៊ុក វិបុល បាន​បន្តថា ​ដូច្នេះ​ ​វត្ត​មាន​អណ្ដើក​ហ្លួង គឺ​បញ្ជាក់​ពី​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​យើង​ដែល​អាច​អភិរក្ស​អណ្ដើក​ហ្លួង​ឱ្យ​នៅ​សេស​សល់​មក​ដល់​បច្ចុប្បន្ន​នេះ ខណៈ​ដែល​ប្រទេស​គេ​ផ្សេងៗ​ដែល​មាន​ពី​មុន​មក គឺ​បាន​ផុត​ពូជអ​ស់​ហើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​អាច​បង្កើន​ការ​ចិញ្ចឹម ជា​ពិសេស​គឺ​ការ​បង្កាត់​ភ្ញាស់​នៅ​តាម​មជ្ឈ​មណ្ឌលរ​បស់​យើង ដែល​នៅ​ឆ្នាំ​នេះ គឺ​បាន​ទទួល​ពង​ច្រើន ហើយ​ក៏​ភ្ញាស់​កូន​ច្រើន​ផង​ដែរ​។

មន្រ្តីដដែលរូបនេះ បានបន្ថែម​​ថា វត្ត​មាន​អណ្ដើក​ហ្លួង ក៏​ជា​សូចនាករ​មួយ​ដែល​បង្ហាញ​ពី​គុណភាព​ទឹក​ដែ​ល​មិន​មាន​ការ​បំពុល និងប​ង្ហាញ​​ពី​ជីវៈ​ចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ពេល​មាន​អណ្ដើក​ហ្លួង​រស់​នៅ ហើយ​ជាពិសេ​ស​នៅ​ពេល​ដែល​មាន​ការ​អភិរក្ស បង្កាត់ភ្ញាស់​ឱ្យ​បាន​ច្រើន នោះ​វា​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ពេល​អនា​គ​ត​។

លោក អ៊ុក វិបុល ​បញ្ជាក់​ថា ​៖ «​យើង​កំពុង​គិត​ថា​ទៅ​ពេលអ​នាគត យើង​នឹង​ពង្រីក​ស្ថានីយ​មជ្ឈមណ្ឌល​របស់​យើង​ឱ្យ​ធំ និង​លែង​អណ្ដើក​ហ្លួង​ចូល​ព្រៃធ​ម្មជាតិ​ឱ្យ​ច្រើន នោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង គាត់​អាច​នឹង​បង្កើត​​តំបន់​អេកូទេសចរណ៍ ដើម្បី​ជួយ​ជីវភាព​របស់​ពួកគាត់​ឱ្យ​ប្រសើរ​ឡើង​»។

​បើ​តាម​លោក អ៊ុក វិបុល ​ក្នុង​ឆ្នាំ​២០២៣​នេះ មន្ត្រី​អភិរក្ស បាន​ភ្ញាស់​ពង​របស់​អណ្ដើក​ហ្លួង បាន​កូន​ចំនួន​ជាង ២០០ក្បា​ល ហើយ​ក៏​បាន​លែង​មេ​ពូជ​អណ្ដើក​ហ្លួង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​បាន​ចំនួន​ជាង ១០០​ក្បាល ។ចំណែក​នៅ​​ក្នុង​មជ្ឈ​មណ្ឌល​អភិរក្ស​សត្វ​​ល្មូន​កោះកុង ​​មានអណ្តើកហ្លួង​​ចំនួន ២០០​ក្បាលផងដែរ​។

លោកបន្តថា ដូច្នេះ​ទាំង​កូន​អណ្ដើក​ហ្លួង ទាំងអ​ណ្ដើក​ហ្លួង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អភិរក្ស និង​អណ្ដើត​ហ្លួង​ដែល​លែង​ចូល​ព្រៃ​ធម្មជាតិ មានចំ​នួន​សរុប​ប្រមាណ ៥០០​ក្បាល​។ ​ទន្ទឹម​នឹង​នោះ អណ្ដើកហ្លួង ក៏​បាន​បែង​ចែ​ក​ទៅ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប ​ទៅ​ស្ថានីយ​វារីវប្បកម្ម​ក្នុង​ខេត្ត​កណ្ដាល​ផង​ដែរ ដែល​ការ​បែង​ចែក​នេះ គឺ​​ដើម្បី​គិត​គូរ​ប្រសិន​ជា​មាន​តំបន់​ណា​មួយ​ដែល​អណ្ដើក​ហ្លួង​រស់​នៅ មាន​ហានិភ័យ គឺ​វា​អាច​នៅ​សល់​ក​ន្លែង​ផ្សេង​ទៀត​។

ដោយ​ឡែក លោក ធន ផុន ប្រធាន​ក្រុម​អភិរក្ស​អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី នៃ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) ប្រចាំ​កម្ពុជា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ពពួក​សត្វ​អណ្ដើក​ហ្លួង​ជា​សត្វ​មួយ​ប្រភេទ ក្នុង​ចំណោម​ពពួ​ក​សត្វ​អណ្តើក និង​អណ្តើក​ទឹក​សាប​ចំនួន ២៥​ប្រភេទ​ដែល​ជិត​ផុត​ពូជ​បំផុត​របស់​ពិភព​លោក​។​

លោក​​ថា នៅ​កម្ពុជា​ប្រភេទ​សត្វ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ផុត​ពូជបា​ត់​ទៅ​ហើយ រហូត​ដល់ឆ្នាំ​២០០០ នៅ​ពេ​ល​ដែល​ប្រជាជន​មួយ​ចំនួន​តូច បាន​រក​ឃើញ​វា​ឡើង​វិញ​​នៅ​ក្នុង​ទន្លេ​ស្រែ​អំបិល ជា​មួយ​នឹង​ក្រុម​ការ​ងារ​រដ្ឋ​បាល​ជល​ផល និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​។

លោក ធន ផុន ប​ញ្ជាក់​ថា​ ៖ «​ប្រភេទ​សត្វ​នេះ​អាច​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​សារ​ការ​បំផ្លិច​​បំផ្លាញ​ទី​ជម្រក​ធម្មជាតិ ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក និង​ព្រៃ​នៅ​តាមដ​ង​ព្រែក​ក្នុង​ប្រព័ន្ធ​ស្រែ​អំបិល ការ​នេសាទ​ខុស​ច្បាប់ ក៏​ដូ​ច​ជា​ការ​អភិវឌ្ឍ​​តាម​មាត់ទ​ន្លេ ជាពិសេ​ស​ការ​បូម​ខ្សាច់ ដែល​ថ្មីៗ​នេះ រដ្ឋបាល​ជល​ផល បាន​សហការ​ជាមួ​យ​​ខាង​អាជ្ញាធរ​ដែន​ដី ចុះ​បង្ក្រាប​បាន​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​វា​នៅ​តែ​មាន​ជា​រឿយ​ដែរ​»​។

បើ​តាម​លោក ធន ផុន ​បច្ចុប្បន្ននេះ​ ការ​ងារ​អភិរក្ស​អណ្ដើក​ហ្លួង គឺ​ខាង​អង្គការ​របស់​លោក និង​អាជ្ញាធរ បា​ន​ចាប់​ផ្តើម​កម្មវិធី​បង្កាត់​ពូជ​សត្វ​អណ្ដើក​ហ្លួង នៅ​មជ្ឈ​មណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្ត​កោះកុង ដែល​កម្ម​វិធី​នេះ ធ្វើ​ឡើង​បាន​ជោគជ័យ​រយៈ​ពេលបី​ឆ្នាំ​មក​ហើ​យ ខណៈ​ដែល​ឆ្នាំ​នេះ ជា​ឆ្នាំ​ទី​៤ ដែល​កម្មវិធី​បង្កាត់​ពូជ​សត្វ​អណ្ដើក​ហ្លួង បាន​ទទួល​ពងច្រើ​ន និងភ្ញាស់​កូន​ច្រើន​៕ ដោយ៖ ជា សុខនី

ads banner