ចាប់ពីឆ្នាំ២០២៤តទៅ រដ្ឋនឹងទទួលខុសត្រូវលើការបង់វិភាគទានជំនួសមាតាបិតាសិស្សវិញ សម្រាប់ការសិក្សានៅសាលារៀនជំនាន់ថ្មី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់សម្រាប់ការសិក្សានៅសាលារៀនជំនាន់ថ្មីក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី ប៉ុន្តែសាលារៀននៅតែអាចបន្តទទួល វិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា គិតត្រឹមឆ្នាំ២០២៣ នេះ សាលារៀនជំនាន់ថ្មីមានចំនួន ១៣ កន្លែង ក្នុងនោះ សាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា ៩ កន្លែង មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែង។ ចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។

ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើកម្មវិធីនេះ សរុបថវិកា ១២.៤ លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណាព្យាបាលសិស្សផងដែរ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានបណ្ណក្រីក្រ ត្រូវបានចូលរៀនដោយមិនតម្រូវឱ្យបង់វិភាគទាននោះទេ។

ក្រសួងបានបញ្ជាក់ថា ៖ «ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញនូវគោលការណ៍សម្រាប់ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី ដោយ សាលារៀនជំនាន់ថ្មីដែលមានស្រាប់ត្រូវរក្សាការអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌដដែល ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី»។

ក្រសួងបានបន្តថា ៖ «ទោះជាយ៉ាងនេះក្តី សាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អ្នកអាណាព្យាបាល សិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែងអាទិភាពសម្រាប់តែសិស្សឆ្នើមដែលមានលទ្ធភាព ផ្នែកថវិកាទៅជាមជ្ឈមណ្ឌលឧត្តមភាព (Centre of Excellerce) ដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌»។

ក្នុងន័យនេះ ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្ត្រ ដោយត្រូវបង្កើតឱ្យបានមួយសាលារៀន យ៉ាងហោចសម្រាប់ទីរួមខេត្ត នីមួយៗ និងពង្រីកឱ្យបានទូទាំង ២៥ ខេត្តរាជធានី តាមអភិក្រមរក្សាទុកសាលារៀនដែលបាន និងកំពុងអនុវត្តរួចហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ។

ក្រសួងអប់រំ បានបញ្ជាក់ថា ៖ «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍នៅបន្តលើកទឹកចិត្តឱ្យអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មី ក្នុង គោលបំណងដូចជា ការពិនិត្យតាមដានកម្មវិធីសិក្សា តាមដានការអនុវត្តរបស់សាលារៀន និងចូលរួមប្រជុំផ្សេងៗ»។

សាលារៀនជំនាន់ថ្មីមានគោលដៅផ្តល់ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមនុស្ស មានបំណិនសតវត្សរ៍ទី ២១ ក្នុងនោះគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនមាន៖ សីលធម៌ និងស្តង់ដា វិជ្ជាជីវៈខ្ពស់, គណនេយ្យភាពនិងនវានុវត្តន៍, ចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀន និងបង្រៀ ន, និងចេះប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ដោយលោកគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍ក្នុងការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មីសម្រាប់គាំទ្រដល់ធនធានមនុស្សនៅកម្ពុជា ព្រោះសាលារៀនជំនាន់ថ្មី ដែលបានបង្កើតឡើងនាពេលកន្លងមកនេះ គឺមានស្តង់ដារ ព្រមទាំងដំណើការល្អ និងទទួលបានជោគជ័យ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner