សហភាពអឺរ៉ុប ថ្កោលទោសការប៉ុនប៉ងរបស់ OPEC ដើម្បីរារាំងកិច្ចព្រមព្រៀងបញ្ឈប់ការប្រើប្រាស់ឥន្ធនៈ
ឌូបៃ៖ ប្រទេសជិត ២០០ ដែលជួបជុំគ្នានៅទីក្រុងឌូបៃ សម្រាប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិនាពេលនេះ កំពុងពិភាក្សាថាតើគួរយល់ព្រមលើកិច្ចព្រមព្រៀងសំដៅបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជាលើកដំបូងរបស់ពិភពលោកដែរឬទេ។ ដោយកិច្ចព្រមព្រៀងនេះជាដំណោះស្រាយដ៏សំខាន់មួយ ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះ។
ក្នុងនោះ យ៉ាងហោចណាស់មានប្រទេសចំនួន ៨០ រួមទាំងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងដែនកោះដែលងាយរងគ្រោះដោយសារអាកាសធាតុមួយចំនួន កំពុងទាមទារឱ្យមានកិច្ចព្រមព្រៀង COP28 ដើម្បីលុបបំបាត់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
ប៉ុន្តែយ៉ាងណា អគ្គលេខាធិការអង្គការ OPEC គឺលោក Haitham Al Ghais បានជំរុញឱ្យប្រទេសផ្សេងទៀតដែលជាសមាជិកក្រុម OPEC+ បដិសេធកិច្ចព្រមព្រៀងចេញពីកិច្ចប្រជុំ COP28 ទាំងឡាយណា ដែលពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីល។
ក្រោយការជំរុញបែបនេះពីសំណាក់លោក Haitham Al Ghais អង្គការអាកាសធាតុបានរិះគន់យ៉ាងខ្លាំងនិងចាត់ទុកថានេះជាការប៉ុនប៉ងរបស់អង្គការ OPEC លើការបង្អាក់កិច្ចព្រមព្រៀង COP28 ស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីលទៅកាន់ប្រទេសជាសមាជិកផ្សេងទៀត។
លោក Wopke Hoekstra ដែលជាប្រធានអង្គការអាកាសធាតុសហភាពអឺរ៉ុប បានមានប្រសាសន៍ថា៖«នៅទីនេះ យើងមិនផ្ដោតការយកចិត្តទុកដាក់ទៅលើប្រយោជន៍ជាតិរៀងខ្លួន ឬប្រយោជន៍ផ្នែកហិរញ្ញវត្ថុនោះទេ ពួកយើងនៅទីនេះដើម្បីធ្វើអ្វីដែលល្អសម្រាប់អនាគតពិភពលោករបស់យើង»។
លោក Wopke Hoekstra បានបន្តថា ៖ «នេះគួរតែជាការចាប់ផ្ដើមនៃសកម្មភាពបញ្ឈប់ឥន្ធៈហ្វូស៊ីល បើទោះជាយើងជាប្រទេសផលិតប្រេង ឬជាអ្នកប្រើប្រាស់ប្រេងក៏ដោយ»។
លោកបន្តថា នេះអាចជាបរាជ័យដ៏ធំធេងមួយ ប្រសិនបើកិច្ចប្រជុំ COP28 មិនអាចបង្កើត កិច្ចព្រមព្រៀង សំដៅកាត់បន្ថយការឡើងកម្ដៅផែនដីនៅក្នុងកម្រិតមួយ ដែលអាចបញ្ចៀសនូវ មហន្ដរាយនាថ្ងៃខាងមុខ។
យ៉ាងណាមិញ ក្រុមអ្នកសង្កេតការណ៍ និងអ្នកចរចានៅក្នុងកិច្ចប្រជុំ COP28 បាននិយាយថា បណ្តាប្រទេសដូចជាអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាសមាជិកនៃអង្គការ OPEC និង OPEC+ គឺជាអ្នកប្រឆាំងដ៏ធំបំផុតសម្រាប់កិច្ចព្រមព្រៀងបញ្ឈប់ឥន្ធនៈ។
សូមបញ្ជាក់ថា ធ្យូងថ្ម ប្រេង និងឧស្ម័នមានច្រើនជាង ៧៥% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល ដែលកំពុងជំរុញឱ្យមានផលប៉ះពាល់អាកាសធាតុកាន់តែអាក្រក់ រួមមានការឡើងកម្ដៅ គ្រោះរាំងស្ងួត និងការកើនឡើងកម្រិតទឹកសមុទ្រជាដើម។
ឥន្ធនៈហ្វូស៊ីលដូចជា ធ្យូងថ្ម ប្រេង និងហ្គាសជាដើម បានក្លាយជាតម្រូវការដ៏ចាំបាច់សម្រាប់ជីវិតក្នុងសង្គមបច្ចុប្បន្ន។ រីឯប្រទេសកំពុងអភិវឌ្ឍន៍វិញក៏ កំពុងទាមទារការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដើម្បីជួយពួកគេវិនិយោគលើថាមពលស្អាត។
ទោះបីជាមានការកើនឡើងនៃថាមពលកកើតឡើងវិញក៏ដោយ ប៉ុន្តែឥន្ធនៈហ្វូស៊ីលបានគ្របដណ្ដប់ប្រហែល ៨០% នៃថាមពលរបស់ពិភពលោកទៅហើយ ដូច្នេះវាជារឿងមួយដ៏លំបាក ដែលពិភពលោកត្រូវដាក់គោលដៅឈានទៅបញ្ឈប់ការប្រើប្រាស់ទាំងស្រុង៕ ប្រែសម្រួល៖ កែវ បុស្បា