បុគ្គលិកជាង៤០០នាក់ នឹងដាក់ពង្រាយទូទាំងប្រទេសសម្រាប់ចុះស្ទង់មតិ និងប្រមូលទិន្នន័យក្នុងវិស័យកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បុគ្គលិកជាង ៤០០ នាក់ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ( MAFF) និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ (NIS-MOP) នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីធ្វើការស្ទង់មតិ ចងក្រង និងប្រមូលទិន្នន័យឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បេសកកម្មនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដែលផ្តួចផ្តើមឡើងដោយក្រសួងកសិកម្ម និងNIS-MOP ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO)។

សេចក្តីប្រកាសព័ត៌មានបានបន្តថា គម្រោងនេះនឹងគ្របដណ្តប់លើផ្ទៃដីកសិកម្មប្រមាណ ១៦ ០០០ ហិកតា នៅទូទាំងប្រទេស ដើម្បីមិនត្រឹមតែជាការស្ទង់មតិប៉ុណ្ណោះទេ តែដើម្បីជាការប្រមូលទិន្នន័យធ្វើជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំគោលនយោបាយ និងការអនុវត្តកសិកម្មនាពេលអនាគត។

លោក Todd Hunkin អ្នកជំនាញស្ថិតិអន្តរជាតិប្រចាំអង្គការ FAO បានលើកឡើងតាមរយៈនៅក្នុងសេចក្តីប្រកាសរួមថា ៖ «ការស្ទង់មតិកសិកម្មកម្ពុជាឆ្នាំ ២០២៣ គឺជាការប្រមូលទិន្នន័យមួយដ៏សំខាន់ ព្រោះវាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិសុខស្បៀងនៅកម្ពុជា»។

លោកបានបន្ថែមទៀតថា ៖ «តាមរយៈការយល់ដឹងពីភាពខុសប្លែកគ្នានៃការអនុវត្តកសិកម្ម បញ្ហាប្រឈម និងសក្តានុពលរបស់យើង យើងអាចកែសម្រួលយុទ្ធសាស្រ្តដែលមិនត្រឹមតែជំរុញផលិតកម្មប៉ុណ្ណោះទេ ប៉ុ ន្តែក៏គាំទ្រកសិកររបស់យើង និងការពារបរិស្ថានផងដែរ។ ការស្ទង់មតិនេះគឺជាជំហានដ៏សំខាន់មួយក្នុងការតម្រឹមការអនុវត្តកសិកម្មកម្ពុជាជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់វិស័យកសិកម្មរបស់កម្ពុជា»។

តាមរយៈការផ្តល់នូវទិន្នន័យដ៏ទូលំទូលាយនេះដែរ គំនិតផ្តួចផ្តើមនេះជួយប្រទេសនានាក្នុងការរៀបចំយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍកសិកម្ម កាត់បន្ថយភាពអត់ឃ្លាន និងភាពក្រីក្រ។

លោក ម៉ក់ មុនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួង បានលើកឡើងដែរថា ប្រទេសកម្ពុជាកំពុងឈានចូលយុគសម័យផ្លាស់ប្តូរ ដោយការចាប់ផ្តើមរដ្ឋាភិបាលថ្មី និងការចាប់ផ្តើមនៃ«យុទ្ធសាស្ត្របញ្ចកោណ» ប្រកបដោយចក្ខុវិស័យ។

លោកបានបន្តថា ៖ «នៅពេលដែលយើងទទួលយកយុគសម័យនេះ សារៈសំខាន់នៃទិន្នន័យក្នុងការរៀបចំអនាគតរបស់យើង គឺមិនអាចមើលរំលងបានទេ។ ការស្ទង់មតិកសិកម្មកម្ពុជាឆ្នាំ២០២៣នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនេះ ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ»។

សូមបញ្ជាក់ដែរថា ដើម្បីបំពាក់បំប៉នឱ្យបុគ្គលិកទាំង ៤០០នាក់នេះ មានជំនាញ និងចំណេះដឹងសម្រាប់ការប្រមូលទិន្នន័យ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ដែលបានធ្វើឡើងជាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ៕ ដោយ៖ សុខ រក្សា

ads banner