រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធុនមធ្យមចំនួនពីរ គ្រោងនឹងដំណើរការនៅឆ្នាំ២០២៥
ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន MIRATH Agri Tech បានសម្រេចបោះទុនវិនិយោគបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ។រោងចក្រនេះគ្រោងនឹងសាងសង់នៅខែមករាឆ្នាំ២០២៤ខាងមុខដែលមានសមត្ថភាពផលិតរហូតដល់ ៧ ៣០០ តោនក្នុងមួយឆ្នាំ។
ចំណែករោងចក្រ CSNC Agriculture ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរ និងសិង្ហបុរី ទើបតែបើកការដ្ឋានរួច កាលពីពេលថ្មីៗនេះ ដែលមានសមត្ថភាពផលិតបានជាង ១៤ ៦០០ តោនក្នុងមួយឆ្នាំ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ថា រោងចក្រទាំងពីរនេះ មានទីតាំងនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយរោងចក្រ CSNC Agriculture មានសមត្ថភាពផលិត៤០តោន ក្នុងមួយថ្ងៃ ។ចំណែករោងចក្រ របស់ក្រុមហ៊ុនជប៉ុន MIRATH Agri Tech Co.,Ltd ជាប្រភេទរោងចក្រធុនមធ្យមដែរ មានសមត្ថភាពផលិត ២០តោនក្នុងមួយថ្ងៃ។

លោកបានបញ្ជាក់ថា ៖ «ក្រុមហ៊ុន MIRATH Agri Tech ស្ថិតនៅក្រោមក្រុមហ៊ុនមេ MIRATh holding ជាក្រុមហ៊ុនធំមួយនៅជប៉ុន។ ទោះយ៉ាងណាក្រុមហ៊ុននេះនឹងបន្តបើករោងចក្រកែច្នៃចន្ទីបន្តទៀតនៅឆ្នាំបន្តបន្ទាប់ដែលអាចស្រូបទាញគ្រាប់ឆៅ ២៥ ០០០តោនក្នុងមួយឆ្នាំ ព្រមទាំងបើករោងចក្រគាបប្រេងពីសំបកចន្ទីផងដែរ»។
លោក អួន ស៊ីឡុត បានបន្តថា ៖ «កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ យើងបានបញ្ចុះបឋមសិលាបើកការដ្ឋានរោងចក្រមួយហើយ គឺរោងចក្រCSNC Agriculture ដែលជាប្រភេទរោងចក្រធុនមធ្យម ខណៈដែលបច្ចុ ប្បន្នយើងមានរោងចក្រធុនមធ្យមចំនួន៣ ដែលកំពុងតែដំណើរការរួចហើយ»។
លោកបន្តថា បើកបូកនឹងរោងចក្រCSNC និងMIRATH Agri Techនេះទៀត អាចមាន៥រោងចក្រធុនមធ្យមនាពេលអនាគត ។ប៉ុន្តែត្រូវការរោងចក្រប្រភេទធុនមធ្យមនេះ៣០ ដើម្បីស្ថិរភាពទីផ្សារស្វាយចន្ទីរបស់កម្ពុជា។
បើតាមលោក អួន ស៊ីឡុត បានបញ្ជាក់បន្ថែមថា លោក ស៊ុយ កុកធាន ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CSNC Agriculture Co., Ltd បានប្រាប់ថា ទុនវិនិយោគរបស់ ក្រុមហ៊ុន CSNC ចែកចេញជា ២ ដំណាក់កាល ដោយដំណាក់កាលទីមួយ មានទុនវិនិយោគប្រាំ លានដុល្លារ និងដំណាក់កាលទី ២ នឹងចំណាយទុនវិនិយោគប្រាំពីរលានដុល្លារ។ សរុប ១២ លានដុល្លារ។
លោកបានប្រាប់ឱ្យដឹងទៀតថា រោងចក្រនេះ សាងសង់នៅលើផ្ទៃដីសរុប១៤ ហិកតា ដោយមានផ្ទៃដីចាក់សាបទំហំ ៦ ហិកតា និងឃ្លាំងស្តុកមួយចំនួន ដែលមានសមត្ថភាពកែឆ្នៃ ៤០ តោនក្នុងមួយថ្ងៃ ហើយត្រូវការកម្លាំងពលកម្មប្រមាណជិត២០០ នាក់។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា ៖ «នេះគឺជាមហិច្ឆតារបស់យើង ដែលចង់ជំរុញ ខេត្តកំពង់ធំឱ្យក្លាយជាខេត្តឧស្សាហកម្មស្វាយចន្ទី ដ៏ធំជាងគេនៅកម្ពុជា។ យើងរំពឹងថា នឹងអាចផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានច្រើន និងទីផ្សារសម្រាប់កសិករដាំដុះចន្ទី»។
អំឡុងពេលថ្លែងសុន្ទរកថា នាទិវាស្វាយចន្ទីកាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មដែលមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់ និងសរីរាង្គតាមបែបប្រពៃណី។
ឯកឧត្តមបន្តថា ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ បើប្រៀបធៀបជាមួយនឹងដំណាំផ្សេងទៀត ហើយដំណាំនេះត្រូវការទឹកតិចសម្រាប់ការលូតលាស់ ធន់នឹងភាពរាំងស្ងួត សមស្រម ទៅនឹងអាកាសធាតុ និងសណ្ឋានដីនៅប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីដែលបានដាំដំណាំស្វាយចន្ទីសរុបប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំ បានដាំដុះដំណាំ ស្វាយចន្ទីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា សរុបមានចំនួនជាង ១៥០ ពាន់ហិកតា។ បច្ចុប្បន្ននេះ កម្ពុជាបាននាំគ្រាប់ស្វាយចន្ទីឆៅ ចេញក្រៅប្រទេសប្រមាណជាង ៩០ភាគរយ ក្នុងតម្លៃថោក ជាងការរំពឹងទុក។
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មនេះ បានថ្លែងឱ្យដឹងដែរថា ក្រសួងកសិកម្ម បានពិនិត្យឃើញថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការកែច្នៃស្វាយចន្ទីក្នុងស្រុកសម្រាប់ការនាំចេញ តាមរយៈការបង្កើនតម្លៃបន្ថែម និងបង្កើតការងារដល់កម្មករក្នុងស្រុក។
លោកបានបន្ថែមថា ទោះបីជាអនុវិស័យដំណាំស្វាយចន្ទីទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក៏អនុវិស័យនេះនៅជួបប្រទះបញ្ហាប្រឈមចំបងៗមួយចំនួនដូចជា ផលិតកម្មដំណាំទទួលបានទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចទាប, ធនធានមនុស្សនិងថវិកា សម្រាប់បម្រើឱ្យការងារស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនវានុវត្តន៍ថ្មីៗនៅមានកម្រិត, កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនិងការកែច្នៃ និងបញ្ហាប្រឈមមួយចំនួនទៀត។
សូមជម្រាបថា បើតាមរបាយការណ៍ក្រសួងកសិកម្ម បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំ ស្វាយចន្ទីច្រើនជាងគេ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង។ តាមរយៈការវាយតម្លៃបានបង្ហាញថា ប្រទេសកម្ពុជាមាន លក្ខខណ្ឌដីសមស្របសម្រាប់ដំណាំស្វាយចន្ទីមានប្រមាណ ២.៣៨ លានហិកតា៕ ដោយ៖ វណ្ណ សុជាតា