កម្ពុជា នឹងបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងការគាំពារសង្គម ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៅទីក្រុងហ្សឺណែវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (អ.ស.ប)) ខណៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងការគាំពារសង្គម ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលើបណ្តាញតេឡេក្រាម នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ថា អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។អបអរសាទរខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨»។

ចំណែកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានសរសេរលើបណ្តាញសង្គមរបស់សម្ដេចដែរថា ៖ «អបអរសាទរ ខួបលើកទី ៧៥ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY)»។

ទាក់ទងនឹងខួប៧៥ឆ្នាំនៃការប្រារព្ធទិវាសិទ្ធិមនុស្សនេះដែរ នាល្ងាចថ្ងៃទី៩ ខែធ្នូ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាទៅប្តេជ្ញាចិត្តនៃការអនុវត្តគោលនយោបាយគាំពារសង្គម និងសេវាសុខភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចំពោះពលរដ្ឋខ្លួននៅចំពោះមុខឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងចូលរួមអបអរសាទរទិវា១០ធ្នូ ក្រោមប្រធានបទ «ខួប៧៥ឆ្នាំ» នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តម កែវ រ៉េមី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ព្រឹត្តិការណ៍កម្រិតខ្ពស់នេះនឹងមានការចូលរួមពីប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើ «ការពង្រឹងការគាំពារសង្គម» ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត។

ឯកឧត្តម កែវ រ៉េមី បានថ្លែងថា ៖ «ខ្ញុំមានមោទនភាព ដែលសម្តេចធិបតីហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យកម្ពុជាបញ្ចេញមុខមាត់នៅលើយន្តការចំពោះមុខប្រទេសផ្សេងលើការប្តេជ្ញាចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងការគាំពារសង្គម ជាពិសេសផ្តោតលើសេវាភាពសង្គម តាមរយៈការការពង្រីកសុភាព ដើម្បីគ្រប់ដណ្តប់ជាសកល»។

ជាមួយគ្នានោះដែរ ឯកឧត្តម កែវ រ៉េមី សង្ឃឹមថា តាមរយៈសេវាសុខភាព និងគាំពារសង្គមនឹងធ្វើឱ្យអាយុកាលរបស់ប្រជាពលរដ្ឋកម្ពុជា នឹងមានអាយុវែង និងទទួលបានផលប្រយោជន៍ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ។

បើតាមឯកឧត្តម កែវ រ៉េមី ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ប្រជាពលរដ្ឋប្រមាណ ៩ លាននាក់ទទួលបានផលប្រយោជន៍សេវាសុខភាព រួមមាន ប្រជាពលរដ្ឋក្រីក្រ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាដើម។ ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្តោតលើយុវជន មកពីគ្រួសារក្រីក្រ និងហានិភ័យចំនួន ១,៥ លាន នាក់ ក៏ទទួលបានការបណ្តុះបណ្តាលជំនាញ ដើម្បីធានានូវមុខរបរ ការងាររបស់ពួកគេ ដើម្បីចិញ្ចឹមជីវិត តាមរយៈការរៀបចំយន្តការអប់រំយុវជន ពីថ្នាក់ទី ៩ឡើងទៅសម្រាប់អ្នកស្ម័គ្រចិត្ត។

លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ បានប្រាប់ឱ្យដឹងផងដែរនៅថ្ងៃទី១០ ខែធ្នូ ថា ក្នុងឱកាសខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន ក៏បានប្រារព្ធទិវានេះនៅលានប្រជាធិបតេយ្យ និងមានការដើរហែក្បួនផងដែរ ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានពេញលេញ។

ដោយឡែក ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅលើទំព័រហ្វេសបុករបស់ព្រះអង្គនាថ្ងៃទី១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរបានលើកឡើងដោយប្រកាសធានាប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងផ្តល់សិទ្ធិសេរីភាពជូនប្រជារាស្ត្រខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរទៅថ្ងៃអនាគត។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូល លើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» កាលពីថ្ងៃ៧ ខែធ្នូថា សិទ្ធិសេរីភាពនៅកម្ពុជាមានវិសាលភាពទូលំទូលាយណាស់ ប៉ុន្តែអ្វីដែលនៅសេសសល់ គឺការប្រើសិទ្ធិសេរីភាពប្រកបដោយទំនួលខុសត្រូវ។

លោកបានលើកឡើងថា ៖ «បើនិយាយពីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលនៅប្រទេសកម្ពុជាយើង បក្សនយោបាយមានរាប់សិបត្រូវបានបង្កើតឡើង និងចូលរួមការបោះឆ្នោត។ អង្គការក្រៅរដ្ឋាភិបាល សហជីព មានពី៥ពាន់ទៅ៦ពាន់អង្គភាពត្រូវបានបង្កើតឡើង និងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា។ សារព័ត៌មានជាង២ពាន់អង្គភាព និងអ្នកសារព័ត៌មានរាប់ម៉ឺននាក់កំពុងបំពេញការងារ បូករួមនឹងបណ្តាញសង្គមគ្រប់ប្រភេទដោយប្រើដោយសេរីផងដែរ»។

ឯកឧត្តមបានបន្តថា ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋគឺមានសិទ្ធិសេរីភាពដើរហើរគ្រប់ពេលវេលា ។ចំណែកឯសិទ្ធិសេរីភាពនៃការបញ្ចេញមតិ គឺមានគ្រប់បែបយ៉ាង។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ៖ «និយាយរួមសិទ្ធិសេរីភាពនេះមានវិសាលភាពធំធេងណាស់នៅក្នុងប្រទេសកម្ពុជាយើង ប៉ុន្តែអ្វីដែលនៅសេសសល់ដែលនៅកើតឡើងចុងក្រោយជាបញ្ហានេះ គឺនៅត្រង់ការទទួលខុសត្រូវថាតើយើងចេះប្រើសិទ្ធិរបស់យើងឱ្យបានត្រឹមត្រូវហើយឬនៅ»៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner