មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ចប់ដោយជោគជ័យជាមួយនឹងសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញបានបញ្ចប់ដោយជោគជ័យនៅល្ងាចថ្ងៃទី ១០ ខែធ្នូ នេះ។

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣
បានបញ្ជាក់ថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស , សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ , សម្ដេចពិជ័យសេនា ទៀ បាញ់ , សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។ តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាត រួមមាន ៖ សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៦០០រូប ។

មហាសន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សក្នុងស្មារតីឯកភាពខ្ពស់ និងចេញសេចក្តីសម្រេចចិត្ត ដូចតទៅ ៖

១- មហាសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈ និងបានសម្រេចលទ្ធផលដូចដូជា ៖ ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៣ និងទិសដៅភារកិច្ច ឆ្នាំ ២០២៤»។

បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូបដែលធ្វើឱ្យបរិមាណសមាជិក គណៈកម្មាធិការកណ្ដាលមានចំនួនសរុប ១ ៣១២រូប។

នៅក្នុងមហាសន្និបាតនេះសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤អាណត្តិទី៥បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប, បោះឆ្នោតជ្រើសតាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងបោះឆ្នោតជ្រើសតាំងប្រធាននិងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលចំនួន ៧ រូប។

២- មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗជាច្រើនទោះបីត្រូវ រងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិព្រមទាំងផលវិបាកនៃជំងឺកូវីដ១៩និងបញ្ហាប្រឈមមួយចំនួនទៀតក្ដី។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាពស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឱ្យជីវភាព
សង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន។ ការគ្រប់គ្រងបាននូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធានាដល់ការអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ប្រកបដោយប្រសិទ្ធភាពនិងធានាបានស្ថិរភាពនៃការរស់នៅ របស់ប្រជាជន។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កាន់តែបានពង្រឹងក្នុងបរិបទកម្ពុជា តាមគន្លងនីតិរដ្ឋជាពិសេសជោគជ័យ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ព្រមជាមួយនោះ ជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជា កាន់តែបានលើកកម្ពស់លើផ្ទៃរាបអន្តរជាតិ។

៣- មហាសន្និបាតសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបំផុតក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ កាល ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ប្រកបដោយឆន្ទៈនិងភាពជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយភាពជោគជ័យ។តាមរយៈការគាំទ្រដ៏ថ្លៃថ្លានេះធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបន្តដឹកនាំប្រទេសឱ្យសម្រេចបានតាមបំណងប្រាថ្នារបស់ប្រជាជន គឺការការពារខឿន ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព ការបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ។
៤- មហាសន្និបាតកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩ ដែលបានយាយីសង្គម ជាតិអស់រយៈពេលជិត៣ឆ្នាំ។ការអនុវត្តយ៉ាងប្តូរផ្តាច់នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលបានបង្កើតបរិយាកាសល្អប្រសើរសម្រាប់កម្ពុជាបោះជំហានទៅមុខប្រកបដោយជំនឿចិត្តដ៏មុតមាំលើមាគ៌ាកែទម្រង់ និង ការអភិវឌ្ឍ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលបាន លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែងនិងការប្រើប្រាស់ក្នុងស្រុក។កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានក្នុងរង្វង់ ៥.៦% ហើយនៅឆ្នាំ ២០២៤ រំពឹងថានឹងសម្រេច បានកំណើនក្នុងរង្វង់ ៦.៦%ដែលត្រូវបានគាំទ្រដោយការបន្តនិន្នាការ ល្អក្នុងវិស័យឧស្សាហកម្មវិស័យសេវាកម្មនិងវិស័យកសិកម្មតាមរយៈនិន្នាការជានេះបានអំពីលទ្ធភាពដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិលទៅរក កំណើនប្រកបដោយសក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ-១៩។

៥- មហាសន្និបាតយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការថែរក្សាពង្រឹង និងពង្រីកកម្លាំងសាមគ្គីជាតិ ដើម្បី កសាង និងការពារមាតុភូមិស្របតាមស្មារតីដ៏ឧត្តុង្គឧត្តមនៃរដ្ឋធម្មនុញ្ញ។ ឈរលើមូលដ្ឋាននេះ មហាសន្និបាតអបអរ សាទរក្រៃលែងចំពោះកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយដែលរួម មានគណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន ២៧ ទៀត កាលពីថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងមក ដោយឈរលើគោលការណ៍គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ, ស្មើភាព និងស្មើសិទ្ធិ ដើម្បីសម្រេចគោលដៅនៃ ការរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររដ្ឋធម្មនុញ្ញ, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យ ចេញផុតពីកម្ពុជា។

៦- មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សំដៅការពារ ថែរក្សា ពួនជ្រុំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០ ។ ជាមួយគ្នានេះ មហាសន្និបាតវាយតម្លៃខ្ពស់ចំពោះលទ្ធ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យមើលការងាររបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេលដ៏ខ្លីនៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើនប្រកបដោយមោទនភាព ក្នុងការថែរក្សាស្ថិរភាពសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈការជំរុញកំណើនសេដ្ឋកិច្ចនិងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន ជាពិសេសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ចំណុច និងវិធានការគន្លឹះទាំង ៥ ចំណុចដែលផ្តោតលើការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹងនិងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ លើមូល- ដ្ឋានភថិភាពនេះ បានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការរៀបចំកម្លាំងបន្តវេន ដើម្បីដឹកនាំប្រទេសជាតិ ។

៧- មហាសន្និបាត បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការអនុវត្ត គោលនយោបាយក៏ដូចក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវ ពុះពារអនុវត្តឱ្យបានសម្រេច រួមមាន ៖
ពង្រឹងខឿនការពារជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតមិនឱ្យជនណាមកបំពារបំពានបានឡើយ។ បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ចូលរួមសកម្មក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយគោរពម៉ឺងម៉ាត់តាម ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការ អភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ខិតខំជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ឱ្យបានសម្រេចតាមការគ្រោងទុកលើមូលដ្ឋានប្រើប្រាស់ដោយឈ្លាសវៃនូវភាពអំណោយផលនានារបស់កម្ពុជានិងការជំរុញអនុវត្តនូវយុទ្ធសាស្ត្រនិងក្របខ័ណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ បន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និង ចីរភាពហិរញ្ញវត្ថុ តាមស្មារតី “មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់” និងស្មារតីបុរសកម្ម សំដៅធានាសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះទាំងនៅទីជនបទ និងទីប្រជុំជន។ ព្រមជាមួយនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ដើម្បីធានាស្ថិរ ភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ បន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញការអភិវឌ្ឍធនធានមនុស្ស បន្តលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន លើកកម្ពស់ ការការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់កម្មករ និយោជិត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់អាជីវករ អ្នកលក់ដូរ និងអ្នកប្រកបរបររកស៊ីផ្សេងៗទៀតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៨- មហាសន្និបាតបញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តជំរុញអនុវត្តយ៉ាងសកម្មនូវ នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គ ការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួម សកម្មក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។ ព្រមជាមួយនេះ ក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិកំពុងមានការវិវត្តដ៏ស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធនឹង ជម្លោះនៅតាមតំបន់នានា សូមព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដើម្បីធានានូវសុខសន្តិ ភាព ភាតរភាព និងវឌ្ឍនភាពជាសាកល។ កម្ពុជា ដែលធ្លាប់ឆ្លងកាត់មហាវិនាសកម្មនៃសង្គ្រាមដ៏រ៉ាំរ៉ៃ យល់យ៉ាង ច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនត្រូវបាត់បង់សន្តិភាពហើយ ប្រជាជននឹងត្រូវបាត់បង់អ្វីទាំងអស់ហើយ សន្តិភាពមិនអាចនឹងបង្កើតបានដោយសង្គ្រាមឡើយ។

៩- មហាសន្និបាតផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និង ស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់ជាមួយ ប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការ កសាង និងការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ជាពិសេសការពង្រឹងគណៈកម្មាធិការនៃគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័ន ដើម្បីធានាដល់ការពង្រឹងរាល់អង្គការមូលដ្ឋានរបស់គណបក្ស និងការកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព។

មហាសន្និបាតណែនាំដល់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរនូវសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

មហាសន្និបាត សូមអំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់ទិសទី សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុង ការអភិវឌ្ឍមាតុភូមិកម្ពុជា។ មហាសន្និបាត បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះឱ្យទទួលបានជោគជ័យ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner