មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ ចំនួន ៧ រូប

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស , សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ , សម្ដេចពិជ័យ សេនា ទៀ បាញ់ , សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។ តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាត រួមមាន ៖ សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៦០០រូប ។

មហាសន្និបាត សូមសម្តែងគារវភក្ដីភាព និងកតញ្ញូតា ធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ និងសម្តេច ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជ សុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជ ទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់នៃ ប្រជារាស្ត្រខ្មែរជារៀងដរាប ។

មហាសន្និបាតសម្តែងការគោរព និងដឹងគុណក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំ របស់គណបក្ស និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ ប្រជាជន កម្ពុជា បានដឹកនាំប្រទេសប្រកបដោយ ជោគ ជ័យតាំងពី ដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ បន្តដឹកនាំអនុវត្តនយោបាយឈ្នះ ឈ្នះ រហូតទទួល បាន សុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងធ្វើឱ្យ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចជា គំរូនៃ ការលះបង់ដ៏ថ្លៃថ្លាបំផុត ដើម្បីធានាភាពបន្តវេននៃការដឹកនាំ របស់គណបក្សប្រកបដោយសុវត្ថិភាព និងភាពជឿជាក់។

មហាសន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់គណបក្សក្នុងស្មារតីឯកភាពខ្ពស់ និងចេញសេចក្តីសម្រេចចិត្ត ដូចតទៅ ៖

១- មហាសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈ និងបានសម្រេចលទ្ធផលដូចដូជា ៖ ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៣ និងទិសដៅភារកិច្ច ឆ្នាំ ២០២៤»។ បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប ដែលធ្វើឱ្យបរិមាណសមាជិកគណៈកម្មាធិការកណ្ដាលមានចំនួនសរុប ១ ៣១២រូប។

នៅក្នុងមហាសន្និបាតនេះ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៤ អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប, បោះឆ្នោតជ្រើសតាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក គណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលចំនួន ៧ រូប ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner