មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ជនរួមជាតិគ្រប់ទិសទី បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀតក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា

(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ជនរួមជាតិគ្រប់ទិសទី បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្ស និង រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីបន្តថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀតក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ។

នេះបើតាមសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អនុប្រធានគណបក្ស , សម្តេច ធិបតី ហ៊ុន ម៉ាណែត, គណៈអចិន្ត្រៃយ៍, គណៈកម្មាធិការកណ្តាល តំណាងដែលបានអញ្ជើញចូលរួមសរុប ៣ ៦០០រូប ។

មហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និង ស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់ជាមួយ ប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជាពិសេសការពង្រឹងគណៈកម្មាធិការនៃគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័ន ដើម្បីធានាដល់ការពង្រឹងរាល់អង្គការមូលដ្ឋានរបស់គណបក្ស និងការកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព ។

មហាសន្និបាតណែនាំដល់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ត្រូវខិតខំអនុវត្ត ឱ្យបានល្អប្រសើរនូវសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

មហាសន្និបាត សូមអំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់ទិសទី សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុង ការអភិវឌ្ឍមាតុភូមិកម្ពុជា។ មហាសន្និបាត បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះឱ្យទទួលបានជោគជ័យ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និងបង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner