បក្សប្រឆាំងបង់ក្លាដែសធ្វើបាតុកម្ម និងគ្រោងពហិការមិនចូលរួមបោះឆ្នោតថ្នាក់ជាតិ

ដាកា៖ អ្នកគាំទ្រគណបក្សជាតិនិយមបង់ក្លាដែសរាប់រយនាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើបាតុកម្មប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខណៈបក្សប្រឆាំងដ៏ធំមួយនេះទាមទារឱ្យមានរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលមិនលម្អៀង ជាអ្នករៀបចំការបោះឆ្នោត។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

គណបក្សប្រឆាំង ដែលដឹកនាំដោយលោកស្រីអតីតនាយករដ្ឋមន្ត្រី Khaleda Zia នឹងធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយទុកឱ្យអ្នកបោះឆ្នោតនៅបង់ក្លាដែស ដែលមានប្រជាជនជាង ១៦៦ លាននាក់ មានជម្រើសតិចក្នុងការសម្រេចចិត្ត។លោកស្រីនាយករដ្ឋមន្រ្តីបច្ចុប្បន្ន Sheikh Hasina មកពីគណបក្ស Awami League រំពឹងថានឹងជាប់អាណត្តិទី ៤ របស់ខ្លួន។

ក្នុងការជួបប្រជុំគ្នានៅថ្ងៃអាទិត្យនៅកណ្តាលក្រុងដាកាសកម្មជនបក្សប្រឆាំងបាននិយាយថា ពួកគេមិនគិតថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ក្រោមការរៀបចំរបស់រ ដ្ឋាភិបាលរបស់លោកស្រី Hasina នោះទេ។

ការប្រមូលផ្តុំដដែលនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណេះ បន្ទាប់ពីបាតុកម្មរបស់គណបក្សប្រឆាំងដដែលកាលពីចុងខែតុលា បានប្រែក្លាយជាហិង្សា ក្រោមការបង្រ្កាបរបស់ប៉ូលិស។ ក្រុមបាតុករកាលពីថ្ងៃអាទិត្យ បានកាន់បដាផ្សេងៗ ដែលរួមមានទាំងការសរសេរថាទាមទារឱ្យដោះលែងអ្នកទោសនយោបាយ។

ការសម្រេចចិត្តរបស់គណបក្សជាតិនិយមបង់ក្លាដែស ក្នុងការធ្វើពហិការការបោះឆ្នោត កើតឡើងចំពេលមានការបង្រ្កាបអស់រយៈពេលជាច្រើនខែលើសំឡេងប្រឆាំងពីសំណាក់រដ្ឋាភិបាល ដែលចាប់អ្នកនយោបាយជាច្រើននាក់ដាក់គុក ហើយបំបិទមាត់ពួកគេតាមមធ្យោបាយផ្សេងៗ។

គួរបញ្ជាក់ថា ក្នុងរបាយការណ៍កាលពីខែមុន អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថា សកម្មជនប្រឆាំងប្រមាណ ១០ ០០០ នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃបាតុកម្មចុងខែតុលា។

ខណៈក្រុមអ្នករិះគន់និយាយថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយការលួចបន្លំ រដ្ឋាភិបាលលោកស្រី Hasina បានច្រានចោល ដោយនិយាយថា វានឹងប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យ និងការរួមបញ្ចូលពីគ្រប់ភាគី៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner