មន្ត្រីគ.ជ.ប៖ គណបក្សចំនួនបួន បានដាក់ពាក្យចូលរួមបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មាន ចំនួនបួនគណបក្ស។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គណបក្សទាំងបួននោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ក្នុងចំណោមគណបក្សនយោបាយទាំងបួន នេះ គ.ជ.ប បានសម្រេចទទួលស្គាល់គណបក្សប្រជាជនកម្ពុជារួចហើយ។
ឯកឧត្តមបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែធ្នូនេះ គឺជាថ្ងៃបិទបញ្ចប់ទទួលពាក្យស្នើសុំចុះបញ្ជីគណបក្ស និងបេក្ខជន ឈរ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ហើយគ.ជ.ប នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេច លើពាក្យស្នើសុំគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិផងដែរ។
ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា រីឯគណបក្សហ៊ុនស៊ិនប៉ិច គ.ជ.ប កំពុងតែពិនិត្យមើលឯកសារ និងលក្ខខណ្ឌ ដែលគណបក្សបានដាក់សម្រាប់ការចុះបញ្ជីនេះ។
ឯកឧត្តមបន្តថា សម្រាប់ការចូលរួមរបស់គណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួនបួននេះ ព្រោះការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតពីរ ។ គឺអង្គបោះឆ្នោត ជាតំណាងរាស្ត្រនៅក្នុងតំណែង មានចំនួន ១២៥ រូប និងអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង ដែលមានអ្នកបោះឆ្នោត ១១ ៦២២ រូប។ ដូច្នេះ គណបក្សដែលបានឈ្នះការបោះឆ្នោតសកល គឺនឹងដាក់ពាក្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានកំណត់យកថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា៕ ដោយ៖ គឹម យុត្ថារ៉ូ