កាតានិយាយថា កិច្ចប្រឹងប្រែងឱ្យមានបទឈប់បាញ់សាជាថ្មីទៀតកំពុងបន្ត
ដូហា៖ មេដឹកនាំកាតា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ថ្លែងថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកំពុងបន្ត ដើម្បីបង្កើតបទឈប់បាញ់សាជាថ្មីទៀតនៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតពីក្រុមហាម៉ាស។
នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ ហ្សេក មហាំម៉ាត់ ប៊ីន អាប់ដុលរ៉ាម៉ែន អាល់ថានី បានប្រាប់វេទិកាមួយក្នុងទីក្រុងដូហា ថា កិច្ចខិតខំប្រឹងប្រែងរបស់យើង រួមជាមួយនឹងដៃគូរបស់យើងកំពុងបន្ត ហើយយើងប្តេជ្ញាថា នឹងមានការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ព្រះអង្គម្ចាស់បន្ថែមថា យើងក៏ប្តេជ្ញាបញ្ឈប់សង្គ្រាមផងដែរ ប៉ុន្តែព្រះអង្គម្ចាស់បានអះអាងថា យើងមិនឃើញមានឆន្ទៈដូចគ្នាពីសំណាក់ភាគីក្នុងជម្លោះទាំងពីរនៅឡើយទេ។
កាតាគឺជាអ្នកសម្រុះសម្រួលដ៏សំខាន់មួយ ដែលនាំឱ្យមានបទឈប់បាញ់រយៈពេល ៧ថ្ងៃ ព្រមទាំងការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ក៏ដូចជាជំនួយមនុស្សធម៌ រហូតដល់វាបានបញ្ចប់ទៅនៅដើមខែធ្នូនេះ។
សង្រ្គាមរបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងខែទី៣ហើយ បន្ទាប់ពីវាបានផ្ទុះឡើងដំបូង កាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងហាម៉ាស បានឆ្មក់សម្រុកចូលលុកលុយភាគខាងត្បូងអ៊ីស្រាអែល រួចសម្លាប់មនុស្សចំនួន ១,២០០នាក់ និងចាប់មនុស្សរាប់រយនាក់ផ្សេងទៀត យកធ្វើជាចំណាប់ខ្មាំង។
ចំណែកក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃចំនួនអ្នកបាត់បង់ជីវិត ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តកើនឡើងដល់យ៉ាងហោច១៧,៧០០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា