សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធជាបន្ទាន់ ក្នុងតម្លៃជាង ១០៦លានដុល្លារទៅឱ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធជាបន្ទាន់ ជាមួយនឹងគ្រាប់រំសេវជិត ១៤,០០០គ្រាប់សម្រាប់រថក្រោះទៅឱ្យអ៊ីស្រាអែល ក្នុងតម្លៃជាង ១០៦លានដុល្លារ។

ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ខ្លួនបានជូនដំណឹងដល់សភា អំពីការលក់គ្រាប់រំសេវរថក្រោះកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រមុខការទូតអាមេរិក លោក អាន់ថូនី ប្លីងគែន បានកំណត់ថា មានស្ថានភាពបន្ទាន់ ដែលតម្រូវឱ្យមានការលក់ភ្លាមៗនោះ ដើម្បីផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

វាមានន័យថា ការលក់គ្រាប់រំសេវទាំងនោះ នឹងមិនចាំបាច់ឆ្លងកាត់ការពិនិត្យវាយតម្លៃពីសភាអាមេរិក ដែលជាគោលការណ៍ទូទៅ សម្រាប់ការលក់ផ្នែកយោធាឱ្យទៅបរទេសឡើយ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយវាមានសារៈសំខាន់បំផុត ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ីស្រាអែលដើម្បីអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងការត្រៀមខ្លួន។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកខាងលើនេះ កើតឡើងស្របពេលដែលសំណើរបស់លោក ចូ បៃដិន ស្តីពីកញ្ចប់ថវិកាជំនួយជិត ១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងបញ្ហាសន្តិសុខជាតិដទៃទៀត កំពុងនៅជាប់គាំងក្នុងសភា ព្រោះតែការជជែកដេញដោលគ្នា ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក និងបញ្ហាសន្តិសុខព្រំដែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner