ពិធីប្រណាំងទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើង នៅចុងខែធ្នូនេះ
ភ្នំពេញ៖ ថ្មីៗនេះសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានប្រកាស ថា ការប្រណាំងទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង ពានរង្វាន់សម្ដេចក្រឡាហោម លើកទី១០ នឹងធ្វើឡើងនាចុងខែធ្នូនេះ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ តាមពិតការប្រកួតនេះ គ្រោងធ្វើឡើង តាំងពីខែសីហាមកម្លេះ ប៉ុន្ដែដោយសាររដ្ឋបាលខេត្តបាត់ដំបង ដែលជា ម្ចាស់ផ្ទះសុំ លើកពេល ព្រោះជាប់ រវល់ ជួសជុលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយដងស្ទឹងសង្កែ និង ជួសជុលផ្លូវធ្វើប្រព័ន្ធលូរំដោះទឹកស្អុយនៅពុំទាន់រួចរាល់ ។
បើតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធបានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង “ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១០ នឹងធ្វើឡើង រយៈពេល៣ថ្ងៃគឺចាប់ពី ថ្ងៃទី២៩ដល់ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹង សង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងឆ្នាំនេះ មានវិញ្ញាសាជាច្រើន ដែលគណៈកម្មការរៀបចំ គ្រោងដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ចំណុះ១២នាក់ បុរស ចម្ងាយ៨០០ម៉ែត្រ ៥០០ម៉ែត្រ និង វិញ្ញាសា២៥០ម៉ែត្រ។ វិញ្ញាសា ចំណុះ១២នាក់ នារី ចម្ងាយ២៥០ម៉ែត្រ និងវិញ្ញាសាចំរុះ បុរសនារី ចម្ងាយ២៥០ម៉ែត្រ។ វិញ្ញាសាទូកផ្កាចារខ្នាត អន្ដរជាតិ ចំណុះ៥នាក់ បុរស ចម្ងាយ ៥០០ម៉ែត្រ និង វិញ្ញាសា២៥០ម៉ែត្រ និង ចំណុះ៥នាក់ នារី ចម្ងាយ ៥០០ម៉ែត្រ និង វិញ្ញាសា២៥០ម៉ែត្រ ។
ក្រៅពីនេះនៅមាន ការប្រណាំង ទូក កានូ កាយ៉ាក់ និង ទូករ៉ូអ៊ីង ផងដែរ ដែលក្នុងនោះ មានវិញ្ញាសា ៥០០ម៉ែត្រ ទូកកានូ អុំម្នាក់ឯងបុរស នារី (C1), វិញ្ញាសា ទូកកាយ៉ាក់ អុំម្នាក់ឯង ចម្ងាយ៥០០ម៉ែត្រ (K1) បុរសនារី និង វិញ្ញាសាទូករ៉ូអ៊ីង ផ្នែក ចម្ងាយ១០០០ម៉ែត្រ (1X)បុរស នារី ។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់១ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមការគាំទ្រពី ក្រសួងអប់រំយុវជន និង កីឡា ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកទាំងអស់ បញ្ចេញសមត្ថភាព និងវាស់ស្ទង់កំរិតបច្ចេកទេស ដែលខ្លួនខិតខំហ្វឹកហាត់ក្នុងរយៈពេលកន្លងមក សម្រាប់ពន្លឿនការអភិវឌ្ឍ និងជាឱកាសសម្រាប់ សហព័ន្ធ ជ្រើសបាន កីឡាករ-កិឡាការិនី មានទេពកោសល្យ និង បច្ចេកទេសខ្ពស់ចូលក្នុងក្រុមជម្រើសជាតិ សម្រាប់តំណាង ឲ្យជាតិ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់អន្ដរជាតិ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ ។
ការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា (អគារលេខ១ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី៣ បន្ទប់លេខ៣)។
សូមបញ្ជាក់ថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា មានទូកសម្រាប់ប្រកួតរួចហើយ ដោយឡែកសមាគម ដែលចូលរួម ប្រកួតត្រូវយកច្រវាទូកប្រពៃណីមកជាមួយផង។ រាល់ការចំណាយលើការ ស្នាក់នៅ ហូបចុក និងថ្លៃធ្វើដំណើរ ជាបន្ទុករបស់ក្រសួង រាជធានី-ខេត្ត។ ចំពោះព៌ត័មានលម្អិត សូមអញ្ជើញទំទាក់ទំនងមកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា ឬតាមរយៈទូរស័ព្ទលេខ ០៩២ ៩០ ៨៣ ៨៤ , ០១០ ៨៨ ៩៨ ៩៤ Telegram: សមាគមកីឡាទូករាជធានី-ខេត្ត ៕
អត្ថបទ ៖ ជាវ ចន្ធូ