ជនពិការភាពជាង ៤០០នាក់បានផ្តល់ឱកាសឲ្យលេងកីឡាក្នុងកម្មវិធីប្រកួតបាល់ទាត់ជនមានពិការភាពប្រចាំឆ្នាំ២០២៣
ភ្នំពេញ៖ កុមារនិងយុវជនពិការភាពចំនួន ៤២១នាក់នៅក្នុងរាជធានីភ្នំពេញនិងមកពីបណ្តាខេត្ត ត្រូវបានផ្តល់ឱកាសដោយអង្គការផ្កាយសមុទ្រកម្ពុជាឲ្យចូលរួមលេងកីឡា តាមរយៈកម្មវិធីប្រកួតបាល់ទាត់ជនមានពិការភាព ប្រចាំឆ្នាំ២០២៣ ។
លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់ជនមានពិការភាព ប្រចាំឆ្នាំ២០២៣នេះ គឺជាគម្រោងមួយដែលគាំទ្រយ៉ាងពេញទំហឹងដោយមូលនិធិ FIFA Foundation និងសហការយ៉ាងជិតស្និតជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលដើរ តួនាទី យ៉ាងសំខាន់ក្នុងការផ្តល់ឳកាសជាច្រើនក្នុងការលេងកីឡាដល់កុមារក្រីក្រ និងជនមានពិការ ភាពនៅកម្ពុជា ។
លោកថា ការប្រកួតកីឡា សម្រាប់ជនមានពិការភាពនេះគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់សិទ្ធិជនមានពិការភាព កាត់បន្ថយការរើសអើង និងជម្រុញទឹកចិត្តជនមានពិការភាពឲ្យ ចូលរួមលេងកីឡា តាមរយៈការផ្តល់ឱកាសបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ពួកគេនៅលើ ទីលាន ។ មួយវិញទៀត កម្មវិធីនេះទៀតសោតក៏ជួយពួកគេអភិវឌ្ឍជំនាញបំណិនជីវិតសំខាន់ៗជា ច្រើនដូចជាការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទង ភាពជាអ្នកដឹកនាំជាដើម ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់សម្រាប់ជនមានពិការភាពនេះបានទទួលស្វាគមន៍វត្តមានកីឡាករ កីឡាការនីមានពិការភាពផ្សេងៗគ្នាសរុបចំនួន ៤២១នាក់ ក្នុងនោះមានកីឡាករកីឡាការនីថ្លង់ ពិការភ្នែក ខ្សោយសតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ជាដើម ។ កម្មវិធីផងដែរបានប្រមូលផ្តុំកីឡាករ កីឡាការនីប្រកួតសរុបចំនួន២៥ក្រុម មកពីអង្គការដៃគូដូចជាអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ អង្គការ Epic Art និងវិទ្យាល័យអប់រំពិសេសជាដើម ។ ក្នុងនោះមានក្រុម មួយចំនួនត្រូវធ្វើដំណើរមក ពីខេត្តផ្សេងៗដួចជា បាត់ដំបង កំពង់ចាម និងកំពតមកចូលរួមប្រកួត ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ