ក្រសួងអធិការកិច្ច និងគណៈ មេធាវីកម្ពុជា រួមគ្នាលើកម្ពស់ ការ អនុវត្តច្បាប់ការងារអធិការកិច្ច និងដោះស្រាយបណ្តឹង

ភ្នំពេញ៖ ដើម្បីលើកកម្ពស់យល់ដឹងផ្នែកច្បាប់ និងធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ក្នុងការដោះស្រាយបណ្តឹង វិវាទក្រៅប្រព័ន្ធតុលាការ ដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយ បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រយៈពេល ១០០ថ្ងៃមកនេះ ក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានសហការគ្នា ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃកម្ពុជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីគ្នាទៅវិញទៅមក រវាងក្រសួងអធិការកិច្ច និងគណៈមេធាវី នៃកម្ពុជា ត្រូវបានបង្ហាញក្នុងក្របខណ្ឌ នៃគំនិតផ្តួចផ្តើមរួមគ្នា ក្នុងគោលបំណងលើកកម្ពស់សុច្ចរិតភាពផ្លូវច្បាប់ ជំរុញបរិយាកាស ផ្នែកគតិយុត្តិ ប្រកបដោយតម្លាភាព ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់ និងការងារដោះស្រាយបណ្តឹង ក្នុងការលើកកម្ពស់គោលការណ៍យុត្តិធម៌ និងគណនេយ្យភាព នៅប្រទេសកម្ពុជា ។

ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៍ថា នេះជាការផ្តួចផ្តើមគំនិតឱ្យមានការចូលរួមអនុវត្តកិច្ចការងារលើកកម្ពស់យល់ដឹងផ្នែកច្បាប់ ជាពិសេសការយល់ដឹងលើវិស័យអធិការកិច្ច ដូចជាការទទួលពាក្យបណ្តឹង និងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម លី ច័ន្ទតុលា បន្ថែមថា តាមរយៈអនុស្សរណៈនេះ ខាងគណៈមេធាវី អាចផ្តល់មេធាវី ដើម្បីជួយការពារដល់ប្រជាពលរដ្ឋក្រីក្រ ដែលគាត់ត្រូវការមេធាវី តាមរយៈក្រសួងអធិការកិច្ច ។ ការងារគណៈមេធាវី ក៏មានយន្តការចូលរួមការផ្សព្វផ្សាយ ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ។

ឯកឧត្តមប្រធានគណៈមេធាវី បញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃអនុស្សរណៈយោគយល់នេះដែរ ខាងគណៈមេធាវីផ្តល់មេធាវី ចំនួន ៥រូប ដើម្បីជួយកិច្ចការងារ ពាក់ព័ន្ឋបេសកកម្មរបស់ក្រសួងអធិការកិច្ច ប៉ុន្តែបើមានតម្រូវការចាំបាច់ ក្នុងការជួយដោះស្រាយវិវាទ គណៈមេធាវីក៏នឹងបន្ថែមមេធាវីជូនថែមទៀតដែរ ។ ហើយនៅក្នុងការផ្តល់មេធាវីជួយដោះស្រាយនេះ គឺមិនមានគិតថ្លៃសេវានោះទេ គឺជាការផ្តល់ជូន ដើម្បីជួយដល់កិច្ចការងារក្រសួងអធិការកិច្ច ។

ឯកឧត្តម លី ចន្ទ័តុលា បន្តថា ចំពោះការងារសំខាន់មួយទៀត គឺការបណ្តុះបណ្តាលផ្ទៃក្នុង ទាំងសម្រាប់មេធាវី ទាំងសម្រាប់មន្ត្រីក្រសួងអធិការកិច្ច ដោយយើងបណ្តុះបណ្តាលគ្នាទៅវិញទៅមក ដោយខាងគណៈមេធាវី ផ្តល់ជាបច្ចេកទេស ការដោះស្រាយបណ្តឹងផ្សេងៗ ហើយខាងក្រសួងអធិការកិច្ច អាចចែករំលែកជាបទពិសោធន៍ ចំណេះដឹង ពាក់ព័ន្ធនឹងវិស័យអធិការកិច្ចផងដែរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner