ក្រសួងព្រះបរមរាជវាំងនឹងរៀបចំពិធីសច្ចាប្រណិធានជូនប្រធាន អនុប្រធាន និងសមាជិក នៃ គ.ជ.ប សម្រាប់អាណត្តិទី៧ ចំនួន៩រូប នៅរសៀលថ្ងៃទី១៣ ខែធ្នូ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំងនឹងរៀបចំពិធីសច្ចាប្រណិធានជូនប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិទី៧ ចំនួន ៩រូប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទីរសៀល នៅក្នុងព្រះបរមរាជវាំង។ នេះបើយោងតាមលិខិតរបស់ក្រសួងព្រះបរមរាជវាំង ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ជម្រាបជូនឯកឧត្តម ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ពិធីសច្ចាប្រណិធានជូនប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិទី៧ ចំនួន៩រូប ដែលនឹងគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គឺបន្ទាប់ពីរដ្ឋសភា នីតិកាលទី៧ នឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៩រូប រួច នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៩រូប ដែលចំនួន ៤រូប កូតាខាងគណបក្សប្រជាជនកម្ពុជា, ចំនួន ៤រូបទៀត កូតាខាងគណបក្សហ៊្វុនស៊ិនប៉ិច និង១រូប ខាងសង្គមស៊ីវិល។ សមាសភាព គ.ជ.ប ចំនួន ៤រូប ខាងកូតាគណបក្សប្រជាជនកម្ពុជា មានដូចជា៖ ១.ឯកឧត្តម ប្រាជ្ញ ចន្ទ
២.ឯកឧត្តម សោម សូរីដា ៣.ឯកឧត្តម ឌឹម សុវណ្ណារុំ និង៤.ឯកឧត្តម មាន សទិ។ ចំណែកសមាសភាព គ.ជ.ប ចំនួន ៤រូប ខាងកូតាគណបក្សហ៊្វុនស៊ិនប៉ិច រួមមាន៖១.ឯកឧត្តម ជឺ ចំណាន ២.ឯកឧត្តម ហេង ស៊ីឡេង ៣.ឯកឧត្តម យិច សមិទ្ធិ ៤.ឯកឧត្តម ហ៊ែល សារ៉ាត់។ ដោយឡែកចំពោះបេក្ខភាពទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានឯកភាពគ្នាជ្រើសរើសយកនោះ គឺ ឯកឧត្តម ហង្ស ពុទ្ធា។ នេះបើយោងតាមលិខិតរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលសារព័ត៌មាន AMS ទើបតែទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១-អង្គប្រជុំបានអនុម័តជ្រើសរើសបេក្ខជនជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន៩រូប ដែលមានរាយនាមដូចខាងក្រោម៖
១.ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន
២.ឯកឧត្តម ជឺ ចំណាន អនុប្រធាន
៣.ឯកឧត្តម មាន សទិ សមាជិក
៤.ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក
៥.ឯកឧត្តម សោម សូរីដា សមាជិក
៦.ឯកឧត្តម ហេង ស៊ីឡេង សមាជិក
៧.ឯកឧត្តម យិច សមិទ្ធិ សមាជិក
៨.ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក
៩.ឯកឧត្តម ហង្ស ពុទ្ធា សមាជិក

២-អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹក ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨.០០នាទី ដោយមានរបៀបវារៈតែមួយ គឺការបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប ដោយរដ្ឋសភា នីតិកាលទី៧។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសម្រេច និងបន្តនីតិវិធី៕
ដោយ៖ពលជ័យ

ads banner