ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ សមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធត្រូវពង្រឹង ការ ងារ សន្ដិសុខ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានដាក់បទបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ ដើម្បីការពារការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់
នេះជាការលើកឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជានីតិកាលថ្មី មិនចង់ឲ្យមានបញ្ហាណាមួយកើតឡើងនោះទេ ពិសេសពាក់ព័ន្ធការលូកដៃពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលមានចេតនាប៉ុនប៉ង់ឲ្យមានភាពវឹកវរក្នុងពេលបោះឆ្នោត ដូច្នេះត្រូវតែផ្ដោតការយកចិត្តទុកដាក់លើការងារសន្ដិសុខ ហើយត្រូវក្ដាប់ឲ្យបានមុខសញ្ញាសង្ស័យ ។
សូមបញ្ជាក់ថា ៖ អនុក្រឹត្យស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) ដែលចុះហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានបង្កើតឡើងដើម្បីបញ្ជាដឹកនាំកិច្ចការការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់នីតិកាល ៕
ដោយ / គ្រី សម្បត្តិ




