មហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំពិភាក្សា ស្តីពីសង្គ្រាមនៅហ្កាហ្សា

អ.ស.ប៖ មហាសន្និបាតអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា។ នេះបើតាមការឱ្យដឹងពីមន្ត្រី និងអ្នកការទូតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអាមេរិកបានបោះឆ្នោតវេតូលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ សម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកនាំពាក្យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ថា កិច្ចប្រជុំពិសេសមួយនៃមហាសន្និបាត ត្រូវបានស្នើឱ្យរៀបចំឡើងនៅរសៀលថ្ងៃអង្គារសប្តាហ៍នេះ ពីសំណាក់អ្នកតំណាងមកពីប្រទេសអេហ្ស៉ីប និងម៉ូរីតានី ដែលមានឋានៈជាប្រធានក្រុមអារ៉ាប់ និងប្រធានអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។

យោងតាមប្រភពការទូតបានឱ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ អាចនឹងបោះឆ្នោតលើសេចក្តីសម្រេចមួយ ស្តីពីបទឈប់បាញ់ ក្នុងអំឡុងកិច្ចប្រជុំនោះ។
ចំណែកខ្លឹមសារព្រាងនៃសេចក្តីសម្រេចនេះ ត្រូវគេរំពឹងថា នឹងមានពាក្យពេចន៍ស្រដៀងគ្នាទៅនឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសហរដ្ឋអាមេរិកវេតូ កាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរ។

ក្នុងនោះគឺបង្ហាញការព្រួយបារម្ភជាខ្លាំង អំពីស្ថានការណ៍មនុស្សធម៌ដ៏អន្តរាយនៅតំបន់ហ្កាហ្សាស្ទ្រីប និងអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner