ការចិញ្ចឹមមាន់លក្ខណៈគ្រួសារបានជួយរកប្រាក់ចំណូល និងជួយបង្កើនជីវភាពពលរដ្ឋកាន់តែប្រសើរ
(ភ្នំពេញ)៖ កសិករកម្ពុជា ជាទូទៅតែងចិញ្ចឹមមាន់តាមផ្ទះសម្បែង ឬតាមលក្ខណៈគ្រួូសារដើម្បីទុកសម្រាប់ធ្វើម្ហូបអាហារ និងមួយផ្នែកសម្រាប់ទុកលក់ដើម្បីជួយរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។
ទោះបីយ៉ាងណាក្តីការចិញ្ចឹមមាន់របស់ប្រជាកសិករ តែងជួបនូវបញ្ហាប្រឈមមួយចំនួន ក្នុងនេះដូចជាការកើតរោគជំងឺ ការចិញ្ចឹមមិនត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដែលនាំឱ្យមាន់ធំធាត់មិនបានពេញទី ហើយហុចផលមិនបានដូចការរំពឹងទុកជាដើម ។
លោក ជិន តារា អ្នកជំនាញចិញ្ចឹមមាន់ និងជាគ្រូបង្រៀនចិញ្ចឹមមាន់មួយរូបរស់នៅក្រុងតាខ្មៅខេត្តកណ្តាលបានឱ្យដឹងថា ៖ នារដូវដើមខែធ្នូ ដែលជារដូវធ្លាក់ខ្យល់ និងក៏ជារដូវរងារ ឈានមកដល់នេះ គឺ កសិករតែងប្រឈមជាមួយការចិញ្ចឹមមាន់របស់ខ្លួននោះគឺមាន់នឹងងាយប្រឈមរោគជំងឺឈឺស្លាប់ ។ ហេតុនេះចាំបាច់ត្រូវមានថ្នាំបង្ការោគជំងឺទើបអាចជួយឱ្យមាន់មិនឆ្លងរោគជំងឺ និងជួយឱ្យការចិញ្ចឹមមិនប្រឈមការបរាជ័យ ។

លោក បានបញ្ជាក់ដែរថា៖ សម្រាប់ការចិញ្ចឹមមាន់តាមផ្ទះបានទទួលជោគជ័យ ចាំបាច់ត្រូវចូលរៀនវគ្គបណ្តុះបណ្តាលពីវិធីចាក់វ៉ាក់សាំង ។ បើពុំមានការចាក់វាក់សាំងត្រឹមត្រូវទេការចិញ្ចឹមមាន់ពិតជាបរាជ័យ ។ ការចិញ្ចឹមកាន់តែច្រើនការបរាជ័យនោះក៏កាន់តែច្រើនដែរ ។
ជាមួយគ្នានេះ លោក បានផ្តល់នូវបទពិសោធន៍ចំនួន ២យ៉ាងសំខាន់ដូចជា ៖ ទី១ការ ចាក់វាក់សាំង ទី២ ត្រូវឃាំងមាន់នៅក្នុងទ្រុងតូចៗ ឬបរិវេណផ្ទះដោយកុំឱ្យមាន់អ្នកដទៃចូលមកឡូកឡំជាមួយបាន ។ សម្រាប់វិធីការពាររោគជំងឺនេះ រយៈពេលខ្លីដែរទេ ពោលគឺរយៈពេលកន្លះខែ ទៅ ១ខែ ។ រោគជំងឺមាន់តែងផ្ទុះច្រើនបំផុតគឺនារដូវធ្លាក់ភ្លៀងដំបូង រដូវរងាជាដើម ។
ទាក់ទិនក្នុងរឿងនេះដែរ លោក ប៊ិន រ៉ែន រស់នៅភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឱ្យដឹងថា ៖ ការចិញ្ចឹមមាន់តាមផ្ទះ គឺលោកចិញ្ចឹមអស់កាលច្រើនឆ្នាំមកហើយ ។ សម្រាប់ លោក ពុំសូវប្រឈមនឹងបញ្ហារោគជំងឺមាន់យាយីប៉ុន្មានទេដោយសារលោកតែងឃាំងមាន់ក្នុងបរិវេណផ្ទះ។ក្នុងមួយខែៗមាន់ដែលលោកចិញ្ចឹមជាង ១០០ក្បាលអាចធ្វើម្ហូបសម្រាប់ក្រុមគ្រួសារ និងលក់ទៅឱ្យឈ្មួញឃើញថាផ្តល់ប្រាក់កម្រៃគ្រាន់ជួយទ្រទ្រង់ជីវភាពមួយកម្រិតដែរ ។

ដូចគ្នានេះ លោក នៅ ពៅ រស់នៅ ភូមិ កោះក្របីវនេះដែរបានឱ្យដឹងថាលោកតែងអនុវត្តនូវវិធីចាក់វាក់សាំង ហេតុនេះធ្វើឱ្យមាន់របស់លោកទទួលផលល្អ ។ បើគិតពីចំណូលមាន់ចិញ្ចឹមនៅផ្ទះជិត ១០០ក្បាល អាចផ្តល់ប្រាក់កម្រៃពី ២០ ទៅ ៣០ភាគរយក្នុងការរកចំណូលចូលគ្រួសារ ដែលក្រៅពីរបរផ្សេងទៀត ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា៖បច្ចុប្បន្នការចិញ្ចឹមមាន់តាមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដើម្បីទុកធ្វើម្ហូបនិងលក់ មានច្រើន ហើយពលរដ្ឋមួយចំនួនអាចទាញប្រយោជន៍ពីការចិញ្ចឹមនេះក្នុងការរកប្រាក់ចំណូលគ្រួសារក៏ច្រើនដែរ ។
ការចិញ្ចឹមមាន់តាមលក្ខណៈគ្រួសារនេះក៏ត្រូវបានលោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឱ្យដឹងផងថា ៖ បើគិតពីបរិមាណក៏អាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ផងដែរ ។ ក្រៅពីនេះពលរដ្ឋក៏ចេះវិធីក្នុងការចិញ្ចឹមច្រើនឡើង ហើយមួយចំនួនបានវិវឌ្ឍន៍ក្នុងការចិញ្ចឹមទៅជាកសិដ្ឋានថែមទៀត ៕


អត្ថបទ ៖ ម៉ាដេប៉ូ ,រូបភាព៖ ងីម ឆៃហួត