យុវតី ធន់ ស្រីពេញ រំពឹងខ្ពស់ថា ប្រដាល់គុនខ្មែរនឹងជួយឲ្យរូបនាងរកប្រាក់ចំណូលបានជួយសម្រាលបន្ទុកគ្រួសារ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាការិនី ប្រដាល់គុនខ្មែរ ធន់ ស្រីពេញ ក្មួយស្រីបង្កើតរបស់ លោក ធន់ សុភា គ្រូប្រដាល់ក្លិបកងយោធពលខេរៈភូមិន្ទ អតីតកីឡាករប្រដាល់ល្បីឈ្មោះ រំពឹងជឿជាក់ថា អាជីពប្រដាល់គុនខ្មែរ ដែលនាងជ្រើសរើសហ្វឹកហាត់ពង្រឹងសមត្ថភាពជាប្រចាំ នឹងជួយឲ្យឲ្យនាងអាចស្វែងរកបាននូវប្រាក់ចំណូលជួយសម្រាលបន្ទុគ្រួសារបានធូធានៅពេលខាងមុខជាក់ជាមិនខាន។

នាងថា អាជីពជាអ្នកប្រដាល់មួយនេះ នាងស្រលាញ់ចូលចិត្តវាតាំងពីកុមារភាពមកម្លេះ ហើយ ពេលនេះនាងមានអាយុ ១៥ឆ្នាំ គឺជាវ័យដែលនាងអាចបំពេញក្តីស្រម៉ៃរបស់ខ្លួនចូលហ្វឹកហាត់ដើម្បីអភិវឌ្ឍសមត្ថភាពត្រៀមឡើងសង្វៀនចាប់យកឱកាសសាងភាពល្បីល្បាញ់ក្នុងវិស័យគុនខ្មែរ ។

យុវតីវ័យ រូបនេះ បានបញ្ជាក់ទៀតថា ការតាំងចិត្តប្រឡូកក្នុងអាជីពប្រដាល់គុនខ្មែរនេះ នាងនឹងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់នាងឲ្យកាន់តែល្អ ដ្បិតពេលនេះចិត្តរបស់នាងពោះកញ្ជ្រោលចង់ឡើងសង្វៀនប្រកួតខ្លាំងណាស់។

ធន់ ស្រីពេញ អះអាងថា សម្រាប់អាជីពប្រដាល់ដែលនាងជ្រើសរើសនេះ បើទោះបីវាជាផ្លូវមួយដ៏លំបាកត្រូវឆ្លងកាត់នូវការឈឺខ្លួន ដោយសារតែការវាយគ្នាក៏ដោយ នាងមិនបោះបង់វាឡើយ ពោលគឺតស៊ូជម្នះរហូតធ្វើឲ្យនាងមានឈ្មោះបោះសំលេងដូចកីឡាការិនីប្រដាល់គុនខ្មែរ រៀមច្បង ទូច ចាន់វត្តី ។

នាង សង្ឈឹមជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់នាង នឹងជួយឲ្យនាងមានភាពល្បីល្បាញនូវពេលខាងមុខ ជួយឲ្យនាងទទួលបានប្រាក់ចំណូលខ្ពស់ពីការឡើងសង្វៀនយកទៅជួយទ្រទ្រង់គ្រួសារឲ្យបានធូធារួចផុតពីភាពលំបាក ។ ក្នុងអាជីពជាអ្នកប្រដាល់នេះ ធន់ ស្រីពេញ មិនមែនមានក្តីស្រម៉ៃត្រឹមធ្វើជាអ្នកខ្លាំងនៅក្នុងស្រុកនោះទេ ពោលគឺក្តីស្រម៉ៃរបស់យុវតីរូបនេះឈានជើងទៅអង្រួនសង្វៀនធំនៅអន្តរជាតិ ដើម្បីនាំយកគុនខ្មែរផ្សព្វផ្សាយទៅកាន់ពិភពលោក ។

កីឡាការិនីប្រដាល់គុនខ្មែរ ធន់ ស្រីពេញ មានអាយុ ១៥ឆ្នាំ កំពង់តែសិក្សានៅថ្នាក់វិទ្យាល័យក្នុងរាជធានីភ្នំពេញ នាងគឺជាកូនស្រីធំក្នុងគ្រួសារក្នុងដំណោមបងប្អូនប្រុសស្រី៣នាក់ ជាក្មួយស្រី បង្កើត លោក ធន់ សុភា អតីតអ្នកប្រដាល់ល្បីឈ្មោះក្នុងអំឡុងឆ្នាំ១៩៩៥។ ចូលហ្វឹកហាត់ប្រដាល់ជាក្តីស្រម៉ៃដែលនាងប៉ងតាំងពីក្មេង ខណៈដែលលោកឱពុកអ្នកម្តាយរបស់នាងចង់ឲ្យរៀននិងប្រកបរបរខាងសាឡន ៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner