អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងថា ដើម្បីចូលរួម អបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖
១- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
ម៉ោង១៨:០០-២២:០០ ព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែក ខាងត្បូងនៃប៉ាវីសអង្គរវត្ត។
២- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៨:០០-២២:០០ ព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។
៣-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨:០០-២២:០0)
ការសម្តែង់សិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ការសម្តែង សិល្បៈចម្រុះ ការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រី។
៤- ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោង១៨:០០-២២:០0) ការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត “ចម្បាំងកុម្ពិការណ៍” នៅបរិវេណផ្នែកខាងត្បូង នៃប៉ាវីសអង្គរវត្ត។ ការបង្ហាញ ក្បាច់គុនបុរាណខ្មែរ ដែលនឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃ (ថ្ងៃទី១៦-១៧) នៅព្រះ លានជល់ដំរី នៃក្រុងអង្គរធំ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមទស្សនាឱ្យ បានច្រើនកុះករ៕
អាជ្ញាធរជាតិអប្សរា
