សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួង ព័ត៌មាន ប្រគល់អង្ករវីតាមីនចំនួន ១០០កេស ជូនសមាគមសំនៀងជនពិការ

(ភ្នំពេញ) សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស រួមនិងលោកជំទាវជាថ្នាក់ដឹកនាំបាននាំយកនូវអង្ករវីតាមីនចំនួន ១០០កេស ផ្តល់ជូនសមាគមសំនៀងជនពិការដែលឋិតនៅភូមិជំរៅ សង្កាត់គោករការ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាលោកជំទាវ បណ្ឌិតពេជ្យ ច័ន្ទមុន្នី ពិសេសគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា ពិការកាយ តែមិនពិការចិត្ត។

លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដូចគ្នានេះ ជនមានពិការភាពទទួលបានការលើកកម្ពស់ផ្នែកសុខភាព ការអប់រំ និងសេដ្ឋកិច្ច មានលទ្ធភាពចូលរួម និងឧបត្ថម្ភដល់គ្រួសារ សហគមន៍ និងជីវិតនយោបាយមានបទពិសោធន៍នឹងការរើសអើងតិចជាងមុន និងធ្វើឱ្យមានការប្រសើរឡើងផ្នែកសតិអារម្មណ៍ពីតម្លៃខ្លួនឯង ទំនុកចិត្ត និងឯករាជ្យភាព ជាដើមដូច្នេះសូមអោយបងប្អូនដែលមានពិការភាព ទាំងអស់កុំអស់សង្ឃឹមនិងបន្តដំណើរទាំងអស់គ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងខ្លួននាពេលអនាគត។

គួរបញ្ជាក់ថា សមាគមសំនៀងជនពិការបានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០១២ បានជួយដល់អ្នកមានពិការភាព ឱ្យមានជំនាញចម្រៀង តន្រ្តី ពិធិការ និងម៉ាស្សា ដើម្បីឱ្យពួកគេ មានជំនាញប្រកបមុខរបរចិញ្ចឹមជីវិត និងកាត់បន្ថយភាពក្រីក្រ។ សព្វថ្ងៃសមាគមតន្រ្តីសំនៀងជនពិការ មានសមាជិកជាង ៧០០នាក់ ដែលភាគច្រើនជាជនមានពិការភាពភ្នែក។ សមាគមសំនៀងជនពិការពិតជាមានភ័ព្វវាសនាជាខ្លាំង ដោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់សព្វព្រះហឬទ័យប្រោសប្រទាននូវព្រះរាជទ្រព្យ សម្រាប់ទិញដីកសាងសមាគម និងជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានាកាកបាទក្រហមកម្ពុជា បានសម្រេចប្រែក្លាយពីដីទទេស្អាត អោយមានហេឋារចនាសម្ព័ន្ធ សំណង់អគារដ៏សមរម្យមួយសម្រាប់ការរស់នៅនៃជនមានពិការភាពទូទៅ ជាពីសេសជនពិការភាពភ្នែក៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner