ឯកឧត្តម នេត្រ ភក្រ្តា ជំរុញឱ្យ សារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចុះបញ្ជីឱ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានជំរុញលើកទឹកចិត្តឱ្យសមាគមសារព័ត៌មាន ដែលមានសមាជិក ជាចាងហ្វាងសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើននៅក្នុងពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។
ការក្រើនរំលឹករបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងកាលពីទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អនុញ្ញាតឱ្យ សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន(ASEAN FRIENSHIP OF PRESS ASSOCIATION) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងចង់ដឹងពីតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត ។

ឯកឧត្តម នេត្រ ភក្រ្តា បន្តថា បច្ចុប្បន្ន អ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យ ទាំងអស់មានចំនួន ជាង ១ ម៉ឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ ជាការជួយដល់បងប្អូនសារព័ត៌មាន រាជរដ្ឋាភិបាល បានយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ជិត ១ ពាន់អង្គភាព។ ដូច្នេះសម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន័ការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនដែរថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រីក្រសួងព័ត៌មាន បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារលើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០%។ ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់បងប្អូនជាអ្នកសារព័ត៌មាន ។ ទន្ទឹមនេះដែរ ឯកឧត្តម ក៏បានជម្រុញដល់ ប្រធានសមាគមសារព័ត៌មានទាំងអស់ ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បសស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកគាំពារសុខភាព ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា