ត្រីបាឡែនទម្ងន់ ៣០តោន ប្រវែង ១៥ម៉ែត្រមួយក្បាលងាប់នៅអូស្រ្តាលី
ស៊ីដនី៖ ត្រីបាឡែនឈ្មោលដ៏ធំមួយក្បាលបានងាប់ បន្ទាប់ពីការប៉ុនប៉ងជួយសង្គ្រោះជីវិតវាបានបរាជ័យ នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី។
មន្រ្តីអភិរក្សសត្វព្រៃរបស់រដ្ឋនិយាយថា ត្រីបាឡែនឈ្មោលមួយក្បាល មានប្រវែង ១៥ម៉ែត្របានងាប់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្នុងទីក្រុងRockingham ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សប្រទះឃើញវាហែលទឹកមិនប្រក្រតី នៅជិតច្រាំងសមុទ្រ។
ត្រីបាឡែនដែលងាប់នេះ ត្រូវគេជឿជាក់ថា មានទម្ងន់រហូតដល់ ៣០តោន។ ជាមួយគ្នានេះ អាជ្ញាធរអភិរក្សសត្វព្រៃបានជំរុញឱ្យប្រជាជនស្ថិតនៅឱ្យឆ្ងាយពីត្រីបាឡែនមានប្រវែង ១៥ម៉ែត្រនេះ ដោយនិយាយថា វាឈឺ ហើយងាប់។
ចំណែកអ្នកគ្រប់គ្រងឧប្បត្តិហេតុ លោក Mark Cugley បាននិយាយនៅរសៀលថ្ងៃអង្គារសប្តាហ៍នេះថា វាពិតជារឿងមិនធម្មតាទេ ដែលត្រីបាឡែនឈ្មោល ស្ថិតនៅគ្រប់ទីកន្លែង ជិតដែនទឹកទីក្រុង។ យើងពិតជាមិនដឹង ថាតើហេតុអ្វីបានជាវាកើតឡើងមិនធម្មតាបែបនេះ ប៉ុន្តែវាច្បាស់ណាស់ថា វាមិនមែនជារឿងល្អទេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា