ហ្វីលីពីន ប្រកាសអាសន្នបញ្ហាគ្រុនឈាមដែលសម្លាប់មនុស្សជិត៥០០នាក់ហើយ តាំងពីដើមឆ្នាំ២០១៩មក
សារព័ត៌មាន CNN បានចេញផ្សាយថ្មីៗនេះថា អាជ្ញាធរសុខាភិបាលហ្វីលីពីន បានប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម ក្រោយពេលដែលជំងឺនេះផ្ទុះឡើង បណ្ដាលឲ្យមនុស្ស៤៥៦នាក់ស្លាប់ ចាប់តាំងពីខែមករាមក។
ក្រសួងបង្ហាញថា ប្រមាណជា១០ម៉ឺន ករណីនៃជំងឺគ្រុនឈាមត្រូវបានរាយការណ៍ទូទាំងប្រទេសហ្វីលីពីនក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ដែលជាការកើនឡើងខ្ពស់ដល់៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ករណីច្រើនបំផុតនៃជំងឺនេះ ត្រូវបានប្រកាសនៅតំបន់ចំនួន៤ដូចជា Mimaropa, Western Visayas, Central Visayas និង Northern Mindanao ដែលមានប្រជាជនច្រើនជាង ២០លាននាក់ ឬស្មើនឹង ២០%នៃប្រជាជនហ្វីលីពីន។
យ៉ាងណាមិញ មន្ត្រីក្រសួងសុខាភិបាល កំពុងធ្វើការយកចិត្តទុកដាក់ខ្ពស់តាមដានស្ថានភាពនៅតំបន់ចំនួន៩ផ្សេងទៀតរួមទាំងទីក្រុង Davao ដែលជាកន្លែងកំណើតរបស់ប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេផងដែរ៕ធ.ដ