ការនាំចេញេកៅស៊ូរបស់វៀតណាមកើនឡើងខ្លាំង តម្លៃក៏កើនឡើង
ការនាំចេញកៅស៊ូរបស់ប្រទេសវៀតណាម កាលពីខែមិថុនា ២០១៩ មានកំណើនខ្លាំង ពោលគឺមានដល់ទៅ១២២,៧៦០តោន កើនឡើង៥៨,៤ភាគរយ បើប្រៀបធៀបនឹងខែឧសភា ឆ្នាំ២០១៩ រីឯតម្លៃវិញក៏កើនឡើង៥៦,១ភាគរយផងដែរ។
នេះបើតាមអគ្គនាយកដ្ឋានគយវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី១៧ កក្កដាម្សិលមិញ។ តួលេខទាំងនេះ បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១៨វិញ មានកំណើន០,៥ភាគរយ លើទំហំ ហើយតម្លៃវិញកើនឡើង០,៧ភាគរយ។ យ៉ាងណាក៏ដោយ តម្លៃនាំចេញជ័រកៅស៊ូជាមធ្យមក្នុងខែមិថុនា គឺ១៤២១ដុល្លារអាម៉េរិក ក្នុង១តោន ធ្លាក់ចុះ១,៥ភាគរយ បើប្រៀបធៀបនឹងខែឧសភា ប៉ុន្តែកើនឡើង០,២ភាគរយ បើធៀបនឹងខែមិថុនា ឆ្នាំ២០១៨វិញ។
ប្រភពថា ការនាំចេញកៅស៊ូទៅទីផ្សារចិនកាលពីខែមិថុនា បានធ្លាក់ចុះខ្លាំង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលការនាំចេញទៅឥណ្ឌា និងម៉ាឡេស៊ីបានកើនឡើងខ្លាំង។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ ការនាំចេញកៅស៊ូមានទំហំ៦១៤,៣៩០តោន តម្លៃ៨៤១,៨៣លានដុល្លារអាម៉េរិក កើនឡើង៨,៩ភាគរយ លើទំហំ និងកើនឡើង២,៦ភាគរយលើតម្លៃ បើធៀបនឹង៦ខែដូចគ្នា កាលពីឆ្នាំ២០១៨៕ធ.ដ