រកឃើញអ្នកឆ្លងអុតស្វាក្នុងរាជធានីភ្នំពេញ (Video Inside)

ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមានករណីឆ្លងជំងឺអុតស្វាលើបុរសអាយុ ២៨ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ។ មិនមានការបញ្ជាក់អត្តសញ្ញាណលើបុរសឆ្លងអុតស្វា នៅក្នុងភូមិប៉េសេ, សង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខនោះឡើយ។

វីរុសអុតស្វានេះ ត្រូវគេរាយការណ៍ថាមានប្រភពកើតនៅតំបន់ដាច់ស្រយ៉ាល នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច។ កម្ពុជាធ្លាប់រកឃើញអ្នកឆ្លងជម្ងឺអុតស្វាម្នាក់ជាលើកដំបូង កាលពីខែសីហា ឆ្នាំ២០២២ ដែលបានកើតលើបុរសជនជាតិនីហ្សេរីយ៉ា។

បុរសអាយុ២៨ឆ្នាំដែលគេបានរកឃើញឆ្លងជម្ងឺអុតស្វានេះ ត្រូវគេរាយការណ៍ថា មានរោគសញ្ញានៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ, នៅលើថ្ពាល់, លើកំភួនដៃ និងលើជើង។

បុរសរូបនោះ ត្រូវបានគេបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ធ្នូ និងកំពុងទទួលបានការព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។

ជម្ងឺអុតស្វា អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹក, សារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រា ចាន និងកែវទឹកជាដើម។

វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូន តាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះពាល់បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។

ads banner