ឈីលីបំផ្លាញកាំភ្លើងប្រមាណ ២៥,០០០ដើម ក្រោមផែនការ “កាំភ្លើងតិច សន្តិសុខកាន់តែច្រើន”
សាន់ត្យាហ្គោ៖ ព្រឹត្តិការណ៍មួយដឹកនាំដោយប្រធានាធិបតីឈីលី លោក ហ្គាព្រីអែល បូរីគ ព្រមទាំងរដ្ឋមន្ត្រីមហាផ្ទៃ និងសន្តិសុខសាធារណៈរដ្ឋឈីលី លោកស្រី ខារ៉ូលីណា ថូហា និងរដ្ឋមន្រ្តីការពារជាតិឈីលី លោកស្រី ម៉ាយ៉ា ហ្វឺណាន់ឌេស បានបំផ្លាញកាំភ្លើងវែង-ខ្លីប្រមាណ ២៥,០០០ដើម។
ដំណើរការរលាយកាំភ្លើងប្រមាណ ២៥,០០០ដើមនេះ គឺជាផ្នែកមួយនៃផែនការ “កាំភ្លើងតិច សន្តិសុខកាន់តែច្រើន” និងអនុលោមតាមច្បាប់គ្រប់គ្រងកាំភ្លើង ដែលពិធីនេះធ្វើឡើងនៅក្រុមហ៊ុន AZA មានឯកទេសកែច្នៃដែក។
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_12-27-05-1024x576.jpg)
ប្រធានាធិបតីឈីលី លោក ហ្គាព្រីអែល បូរីគ និយាយថា ឆ្នាំនេះ យើងបង្កើនចំនួនកាំភ្លើងដែលត្រូវបំផ្លាញ ២៨ភាគរយ ឬប្រហែល ៣,៧០០ដើម បើធៀបនឹងឆ្នាំ២០២១។ តួលេខនេះ តំណាងឱ្យចំនួនកាំភ្លើងច្រើនបំផុត ដែលត្រូវបានបំផ្លាញចោល ចាប់តាំងពីឆ្នាំ១៩៩០ និងច្រើនជាងឆ្នាំមុន ៣៩ភាគរយ។
ក្នុងចំណោមកាំភ្លើងដែលត្រូវបំផ្លាញ មាន ៨,០៥៩ដើម ជាកាំភ្លើងរឹបអូសដោយតុលាការ និង ១៣,៣២៣ដើមទៀត ប្រជាពលរដ្ឋប្រគល់ទៅឱ្យអាជ្ញាធរ។
គួរបញ្ជាក់ថា ផែនការ “កាំភ្លើងតិច សន្តិសុខកាន់តែច្រើន” របស់រដ្ឋាភិបាលឈីលី មានគោលបំណងស្វែងរកការកាត់បន្ថយការចរាចរកាំភ្លើងស្របច្បាប់ និងខុសច្បាប់, កាត់បន្ថយអំពើហិង្សា និងកែលម្អបរិយាកាសសន្តិសុខនៅក្នុងប្រទេសឈីលី៕
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_12-27-06-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_12-27-09-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_12-27-07-2-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_12-27-08-1024x576.jpg)
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា