ទំនាក់ទំនងការទូតជាផ្លូវការ កម្ពុជា និងថៃ ឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព”
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ កម្ពុជា និងថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (រយៈពេល៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៣) ទន្ទឹមនឹងនោះទំនាក់ទំនងរវាងកម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព” ដោយកម្ពុជា និងថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី (ភាគីកម្ពុជា៧រាជធានី-ខេត្ត ហើយភាគីថៃ១១រាជធានី-ខេត្ត)។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ទំនាក់ទំនងការទូត និងទស្សនកិច្ចផ្លូវការ២ឆ្នាំចុងក្រោយគឺ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អមដំណើរដោយឯកឧត្តម ប៉ាន់ព្រី ផាហ៊ិតថានុកន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ និងបានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព។ ក្នុងនោះសម្តេចធិបតី និងឯកឧត្តម សេដ្ឋា ថាវីស៊ីន បានអបអរសាទរគ្នា តាមទូរស័ព្ទក្នុងឱកាសដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ។
ជាចុងក្រោយ ភាគីទាំងពីរបាន ឯកភាពគ្នារៀបចំសម្របសម្រួលទស្សនកិច្ចផ្លូវការ ដើម្បីសិក្សារៀនសូត្រ ដកស្រង់ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយស្ថាប័នប្រហាក់ប្រហែលរបស់ប្រទេសថៃ ជាមួយគ្នានេះ ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពចុះ MOU រវាងក្រសួង និងស្ថាប័នប្រហាក់ប្រហែល នៅព្រះរាជាណាចក្រថៃដែល ផ្តោតលើការងារអធិការកិច្ច និងអភិបាលកិច្ចល្អដែលជាបេសកកម្មចម្បងរបស់ក្រសួង និងផ្តល់អ្នកប្រឹក្សា ឬ អ្នកជំនាញបច្ចេកទេសលើវិស័យអធិការកិច្ច និងការរៀបចំសេចក្តីព្រាងច្បាប់បណ្ដឹងតវ៉ា និងបណ្ដឹងបរិហា ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងការផ្តល់នូវព័ត៌មានពីអាហារូបករណ៍របស់ព្រះរាជាណាចក្រថៃមកក្រសួងអធិការកិច្ចផ្ទាល់៕
ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ